កីឡាករ​កា​មេ​រ៉ូ​ន​ម្នាក់​មកលេង​ក្លឹប​មិន​អាជីព​នៅ​កម្ពុជា​ រំពឹងក្លាយជាគ្រូបង្ហាត់

John កីឡាករ​បាល់ទាត់​មក​ពី​ប្រទេស​កា​មេ​រ៉ូ​ន​ត្រូវ​កំពុង​លេង​នៅ Khmer United ដែលជា​ក្រុម​មិន​អាជីព​មួយ​លេង​នៅ​ពានរង្វាន់ Khmer Real Estate League​។ ចំពោះ​ការលេង​នៅក្នុង​ក្រុម​នេះ John មិន​ទទួលបាន​ប្រាក់ខែ​ឡើយ ប៉ុន្តែ​ហេតុអ្វី​បានជា​រូបគេ​សម្រេចចិត្ត​លេង​រយៈពេល​២​ឆ្នាំ​មកនេះ​?

John Botioba បាន​រៀបរាប់ថា រូបគេ​បានមក​ប្រទេស​កម្ពុជា​រយៈពេល​២​ឆ្នាំ​ហើយ​គឺ​ដើម្បី​លេង​បាល់ទាត់​។ រូបគេ​ធ្លាប់បាន​ចូល​លេង​នៅ​ក្រុម​បៀ​ល​ប្រាយ និង​អាស៊ី​អឺរ៉ុប​ដែល​ស្ថិតនៅ​លី​គ​បាល់ទាត់​កំពូល​កម្ពុជា​។ ក្រោយមក​រូបគេ​បាន​ចូល​លេង​ឲ្យ​ក្រុម Khmer United ដែលជា​ក្រុម​មិន​អាជីព​របស់លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​។

Jonh បាន​និយាយថា ៖«​មែនទែនទៅ ខ្ញុំ​មកលេង​បាល់​នៅ​កម្ពុជា​ដោយ​មិន​គិតពី​រឿង​លុយ​ទេ​។ អ្វី​ដែលជា​កត្តា​សំខាន់​របស់ខ្ញុំ​គឺ​សិក្សា​ស្វែងយល់​ពី​របៀប​បង្ហា​ត់បា​ល់​ទាត់ និង​ចែករំលែក​បទពិសោធន៍​ដល់​យុវជន​កម្ពុជា ពីព្រោះ​ខ្ញុំ​មាន​សញ្ញាបត្រ C-License​។ គោលបំណង​របស់ខ្ញុំ​គឺ​ចង់​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​»​។ សព្វថ្ងៃនេះ​បុរស​ជនជាតិ​កា​មេ​រ៉ូ​ន​រូបនេះ​កំពុង​ជួយ​បង្ហាត់​ថ្នាល​យុវជន​ផ្សេងៗ​ទៀត ក្រៅពី​លេង​ឲ្យ​ក្រុម Khmer United​។​

​ពាក់ព័ន្ធ​នឹង​ក្រុម Khmer United វិញ John បាន​ឲ្យ​ដឹងថា ថ្ងៃមួយ​លោក គីម ហ៊ាង​បានឃើញ​ការលេង​របស់គេ​ហើយ​ក៏បាន​ទាក់ទង​ឲ្យ​ចូលរួម​ក្នុង​ក្រុម​របស់លោក​តែម្តង​។ Jonh យល់ឃើញថា លោក គីម ហ៊ាង ពិតជា​មនុស្ស​ល្អ និង​ស្រលាញ់​បាល់ទាត់​ដោយ​ការបង្កើត​ក្រុមបាល់ទាត់​ទាំង​គ្មាន​ស្វែងរក​ប្រាក់ចំណេញ​។ ដូច្នេះហើយ​ទើបបានជា​រូបគេ​សម្រេច​លេង​ជាមួយ​ក្រុម Khmer United ទាំង​មិន​គិតពី​លុយកាក់​ឡើយ​។ លើសពីនេះ​ទៀត បើ​មាន​ក្លឹប​ណា​ចង់បាន​រូបគេ​ទៅលេង​ទាល់តែ​មានការ​អនុញ្ញាត​ពី​លោក គីម ហ៊ាង​ទើប​រូបគេ​អាច​ទៅលេង​បាន​។​

​រូបគេ​ពិតជា​ស្គាល់​បាល់ទាត់​កម្ពុជា​យ៉ាងច្បាស់ និង​ចង់ឃើញ​យុវជន​កម្ពុជា​លេចធ្លោ​ខាង​បាល់ទាត់​ច្រើន​នាពេលខាងមុខ​ដូចជា​កីឡាករ ចាន់ វឌ្ឍនាកា ដែល​បាន​ទៅលេង​នៅ​ប្រទេស​ជប៉ុន​។ ជាងនេះទៀត​នោះ រូបគេ​ចង់ឃើញ​ក្រុមបាល់ទាត់​កម្ពុជា​លេចធ្លោ​ក្នុង​តំបន់​អាស៊ី ហើយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក៏​ខ្លាំង​លំដាប់​ទ្វីបអាស៊ី និង​កម្រិត​ពិភពលោក​ផងដែរ​។​

​ឆ្លងកាត់​៦​ប្រកួត​ក្នុង​ពានរង្វាន់ Khmer Real Estate League 2017 ក្រុម Khmer United មិនទាន់​ស្គាល់​បរាជ័យ​ម្តងណា​ឡើយ​ក្នុងនោះ​ឈ្នះ​៥ និង​ស្មើ​១​ដោយ​ឈរលើ​កំពូល​តារាង​តែម្តង​៕

​លទ្ធផល​ការប្រកួត Khmer Real Estate League សប្តាហ៍​ទី​៦

Anvaya ២-៣ បាសាក់​
​និស្ស័យ ២-០ Goodhill
Blue Dragon ២-១ V.Train
​ខ្លាស ៣-៣ អាវ​តា​
​ណា​រីតា ៥-០ Havas
Khmer United ៥-០ Giant FC
​កូន​ខ្មែរ ៣-៤ HHK
​បាយ័ន ៧-០ យុវជន​កំពង់ចាម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close