កសិកម្ម

កម្ពុជាដល់ចំណុចបារម្ភបន្ថែនាំចូលពី​វៀតណាម រដ្ឋាភិបាល​បាន​ផ្តល់ប្រាក់​៤៦​លាន​ដុល្លារ​ជំរុញ​បង្កើន​ការដាំ​បន្លែក្នុងស្រុក

​ប្រទេស​កម្ពុជា​ដែល​ត្រូវគេ​ដឹងថា ជា​ប្រទេស​ពឹង​ផ្អែកលើ​កសិកម្ម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅតែ​ប្រឈម​នឹង​កង្វះខាត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ជា​រៀងរាល់ថ្ងៃ ជាមួយនឹង​ក្តីបារម្ភ​អំពី​សារធាតុពុល​។ មន្ត្រី​រដ្ឋាភិបាល​ទទូច​ឲ្យ​ពង្រីក​ការដាំដុះ និង​លើកកម្ពស់​សុវត្ថិភាព​បន្លែ ប៉ុន្តែ​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ថា ទីផ្សារ​បន្លែ​ក្នុងស្រុក​ដែលមាន​តម្លៃ​ទាប ជា​ឧបសគ្គ​មួយ​នៃ​ការពង្រីក​ផលដំណាំ​នេះ​។ ក្នុងពេលដែល​បន្លែ​ដាំ​ក្នុងស្រុក​នៅ​មិនទាន់​អាចបំពេញ​តម្រូវការ​ក្នុងស្រុក​បាន ហើយ​ត្រូវ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ជាមួយ​ក្តីបារម្ភ​ពី​សារធាតុពុល​ផង​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​អ្នក​ដាំ​បន្លែ​បង្កើន​ការដាំដុះ​របស់ខ្លួន​តាម​គោលការណ៍​បច្ចេកទេស​នៃ​ការអនុវត្ត​កសិកម្ម​ល្អ ឬ​ហៅ​កាត់​ថា (GAP) និង​តាមបែប​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ របស់​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ ហៅ​កាត់​ថា ICCO បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​ប្រមាណ​៩៥​ភាគរយ បារម្ភ​ពី​សុវត្ថិភាព​ទាំង​បន្លែ​ក្នុងស្រុក និង​នាំចូល​ពី​ប្រទេសជិតខាង​ដែល​អាចមាន​ជាតិពុល​។ លោក មិន ស នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ ដែល​ផ្តល់​ការគាំទ្រ​លើ​ការពង្រីក​ផលិតកម្ម​បន្លែ​ក្នុងស្រុក មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រជាកសិករ​ខ្មែរ​នៅមាន​ការយល់ដឹង​ទាប​អំពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​គីមី នៅពេល​ពួកគេ​ព្យាយាម​ដាំ​បន្លែ​។ ក្រៅពី​មាន​កម្រិតយល់ដឹង​ទាប​អំពី​សារធាតុ​គីមី អ្នក​ដាំ​ដុះ​បន្លែ​ក្នុងស្រុក​ក៏​ប្រឈម​នឹង​ការបញ្ជូន​ផលិតផល​បន្លែ​មកកាន់​ទីផ្សារ ដោយសារ​កង្វះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​នៃ​សិក្ខាសាលា​ស្តីអំពី​ការលើកកម្ពស់​សុវត្ថិភាព​បន្លែ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុងស្រុក តម្រូវ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាកសិករ​ខ្មែរ ត្រូវខិតខំ​បន្ថែមទៀត ក្នុងការ​បង្កើន​ផល​ដាំ​ដុះ ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​។ បញ្ហា​ប្រឈម​មួយទៀត ជួនកាល​កសិករ​គាត់​ផលិត​បាន​ហើយ​។ ប៉ុន្តែ​បញ្ហា​ទីផ្សារ ដែល​កសិករ​ពិបាក​បំផុត ក្នុងការ​ដឹកនាំ​ផលិតផល​របស់គាត់​ម​ក​ទីផ្សារ​យើង ដោយសារ​ការធ្វើដំណើរ ហេដ្ឋារចនាសម្ព័ន្ធ គាត់​នៅ​ដាច់ស្រយាល គាត់​នៅ​ឆ្ងាយ​ពី​ទីផ្សារ អញ្ចឹង​គាត់​ត្រូវ​ចំណាយលុយ​ខ្ពស់​។ ហ្នឹង​ជា​បញ្ហា​ប្រឈម ។​

​រដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន ៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់​៥% ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោងទៅតាម​ឯកសារ​នៃ​កញ្ចប់​ថវិកាជាតិ​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦​។ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល គ្រោង​ចំណាយ​២០​លាន​ដុល្លារ​អាមេរិក ទៅលើ​ផលិតកម្ម​ពូជស្រូវ និង​បន្លែ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ ២០១៨​ខាងមុខ​។​

​គួរ​បញ្ជាក់ថា អ្នក​ទទួលទាន​បន្លែ​នាពេល​បច្ចុប្បន្ន តែងតែ​មានការ​រអ៊ូរ​ទាំ អំពី​ផលប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មកពី​ការទទួល​ទាន​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល ដែល​បណ្តាល​ឲ្យ​ឈឺក្រពះ​និង​ការចុះ​ថយកម្លាំង ដោយសារ​ការទទួល​ទាន​បន្លែ​ផលិត​ក្នុងស្រុក ឬ​បន្លែ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង ដែល​មានប្រើ​សារធាតុ​គីមី​។ អ្នកជំនាញ​កសិកម្ម ថ្លែងថា កម្ពុជា​ត្រូវធ្វើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធធារាសាស្ត្រ​បន្ថែមទៀត សម្រាប់​ការដាំដុះ​បន្លែ​ធម្មតា និង​បន្លែ​សរីរាង្គ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ជាពិសេស​នោះ គឺ​ប្រទេស​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close