វប្បធម៌

ថៃ​សម្រេច​ដាក់​ស្នើ “​ល្ខោន​ខូ​ន​” ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

​គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​សំណើ​តាម​ក្រសួង​វប្បធម៌​ដើម្បី​ដាក់បញ្ចូល​ល្ខោន​ខូ​ន (Khon) ឬ​ល្ខោន​ពាក់​របាំងមុខ រួមទាំង​ការ​ម៉ាស្សា​បែប​ប្រពៃណី ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី ២៨​មិនា​សប្ដាហ៍​មុន​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​លោក Vira Rojpojchanarat បាន​មានប្រសាសន៍ថា គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​តាម​សំណើ​ក្រសួង​ក្នុងការ​ដាក់បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​ទាំងពីរ​នេះ​កាលពី​ចុងខែ​មិនា​។ បន្ទាប់ពី​សម្រេច​ដាក់​ស្នើ ក្រសួង​ត្រូវការ​រយៈពេល​មួយឆ្នាំ​ទៀត មុនពេល​បញ្ជូន​សំណើ​ទៅកាន់​រដ្ឋាភិបាល​ក្នុងសម័យ​ប្រជុំ​លើក​ទី​១២ របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដើម្បី​បញ្ជាក់​ទទួលស្គាល់​។ សម័យប្រជុំ​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៤​ធ្នូ ដល់ទី ៨​ធ្នូ ឆ្នាំ ២០១៧ ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

​ល្ខោន​ខូ​ន គឺជា​បេតិកភណ្ឌ​វប្បធម៌​ទីមួយ​ក្នុងចំណោម​បេតិកភណ្ឌ​វប្បធម៌​ទាំង ៥ ដែល​រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ ២០២១​។ យូណេស្កូ បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​ការពារ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​ដោយ​រួមមាន​ការអនុវត្ត ចំណេះ ជំនាញ និង​ឧបករណ៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី​។​

​ប្រភពពី​គេហទំព័រ និង​ជា​ទូរទស្សន៍​ថៃ Thai PBS បាន​ផ្សាយ​ថា បន្ទាប់ពី​ដាក់​ស្នើ​ល្ខោន​ខូ​ន និង​ប្រពៃណី​ម៉ាស្សា​ក្នុងឆ្នាំនេះ កីឡាប្រដាល់ Muay Thai, របាំ​ល្ខោន​ន​រា​ហ៍ (Nora dance drama) និង​ម្ហូប​ប្រពៃណី​ថៃ​មួយ នឹងត្រូវ​ស្នើ​ដូចគ្នា​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​។​

​យោងតាម​លោក​រដ្ឋមន្ត្រី​ខាងលើ ហេតុផល​មួយ​ដែល​ល្ខោន​ខូ​ន​ត្រូវបាន​ជ្រើស​ដាក់សំណើ​មុនគេ ព្រោះ​វា​បានបង្ហាញ​ពី​ឧត្ដមគតិ​ដ៏​ល្អឥតខ្ចោះ​នៃ​វប្បធម៌​ថៃ​។​

​ព្រះមហា​ក្សត្រិយានី ស៊ី​រី​គិត ជា​មហេសី​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត ដែល​ទើប​ចូល​ទិវង្គត គឺ​អ្នកគាំទ្រ​ដ៏​សំខាន់​មួយ​ក្នុង​ការស្នើ​ល្ខោន​ខូ​ន និង​ទម្រង់​សម្ដែង រួមទាំង​ការ​រចនា​សំលៀកបំពាក់​ផង​។​

​ប្រភព​ដដែល​សរសេរ​ថា ល្ខោន​ខូ​ន ត្រូវបាន​គេ​សម្ដែង​ដំបូង​នៅ​សម័យ​អយុធ្យា ដែលជា​ទម្រង់​ល្ខោន​ដកស្រង់​ចេញពី​រឿង រាមា​យាណៈ រៀបរាប់​ពី​ចម្បាំង​រវាង​ព្រះរាម​ជា​អវតារ​របស់​ព្រះ​វិស្ណុ​ក្នុង​សាសនា​ហិណ្ឌូ ជាមួយនឹង​យក្ស​ក្រុង​រាពណ៍ ដែល​បាន​ចាប់ពង្រត់​មហេសី​ព្រះរាម​។​

​លើសពីនេះ ក្រសួងការបរទេស​ថៃ​ក៏​កំពុង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​សមាជិក​អនុសញ្ញា​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យូណេស្កូ ដែល​បច្ចុប្បន្ន​មាន ១៥០​ប្រទេស​ផងដែរ​។​

​គួរ​រម្លឹក​ដែរ​ថា កាល​ដើមខែ​មិថុនា​ឆ្នាំ ២០១៦ សារព័ត៌មាន​ថៃ Bangkok Post បាន​ផ្សាយ​ពី​គម្រោង​ស្នើ​នេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខ្មែរ​មានការ​ព្រួយបារម្ភ​ពី​អនាគត​ល្ខោនខោល​កម្ពុជា ដោយសារ​ល្ខោន​ខូ​ន​ថៃ​មាន​ទម្រង់​លេង និង​ការ​ស្លៀកពាក់​ដូច​ល្ខោនខោល​ខ្មែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close