កសិកម្ម

ម្រេច​ស្រុក​មេមត់​ចាប់ផ្តើម​មាន​ជំងឺ​ច្រើន និង​ធ្លាក់ចុះ​តម្លៃ​

ដំណាំ​ម្រេច​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​នូវ​ហានិភ័យ​ពី​ជំងឺ​នានា ខណៈ​តម្លៃ​គ្រាប់​ម្រេច​ក៏​កំពុងតែ​ធ្លាក់ចុះ​ផងដែរ​នៅ​ឆ្នាំនេះ បើ​ធៀប​នឹង​រដូវ​ប្រមូល​ផលកាល​ពី​ឆ្នាំមុន ។​​លោក យិន សូ​ផា នាយក​ប្រតិបត្តិ​សមាគម​ដំណាំ​ម្រេច​មេមត់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ​ថា ដំណាំ​ម្រេច​ឆ្នាំនេះ​កើត​ជំងឺ​ច្រើន គឺ​ជំងឺ​រលួយ​គល់ ដែលមាន​ការរីក​រាល​ដាល​យ៉ាង​លឿន​នៅតាម​ចម្ការ​នានា ។ ជាមួយ​បញ្ហា​នេះ តម្លៃ​ម្រេច​នៅ​ឆ្នាំនេះ ក៏​កំពុង​ធ្លាក់ចុះ​ផងដែរ ។ តាម​ព័ត៌មាន​លោក​ទទួលបាន គឺ​ម្រេច​ឆ្នាំនេះ​មានតម្លៃ​៦​ដុល្លារ​ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​៨,៥០​ដុល្លារ​កាលពី​ឆ្នាំមុន ។​

​លោក​បន្តថា ៖ « ការធ្លាក់ចុះ​តម្លៃ​ម្រេច​នៅ​ឆ្នាំនេះ ដោយសារ​ឥទ្ធិពល​នៅលើ​ទីផ្សារ​អន្តរជាតិ​ដូចជា ប្រទេស​វៀតណាម ម៉ាឡេស៊ី ស្រីលង្កា និង​ម្រេច​ផលិត​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ​តម្លៃ ។ គុណភាព​ម្រេច​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ដោយសារ​មាន​ជាតិគីមី និង​ជាតិពុល​ច្រើន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ម្រេច​របស់​កម្ពុជា​ផងដែរ ខណៈ​ម្រេច​ជាច្រើន​បាន​ងាប់​ដោយសារ​កើត​ជំងឺ​រលួយ​គល់ » ។​

​ទិន្នផល​ម្រេច​ស្រុក​មេមត់​៩០% បាន​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​១០%​ត្រូវ​បែងចែក​លក់​នៅ​កម្ពុជា និង​នាំ​ចេញទៅ​ប្រទេស​ថៃ ។​

​លោក យិន សូ​ផា បន្ថែមថា សមាគម​ម្រេច​មេមត់ មាន​សមាជិក​ចំនួន​២៩៨​គ្រួសារ ជាមួយ​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ​៥០០​ហិកតា ដែល​សមាជិក​ខ្លះ​បាន​ចាកចេញ និង​សមាជិក​ខ្លះទៀត​បាន​ចូលមក​សមាគម​ជា​បន្តបន្ទាប់ ។ ដូច្នេះ ផ្ទៃដី និង​ទិន្នផល​ម្រេច​ឆ្នាំនេះ ទំនងជា​មិន​កើនឡើង ទេ ។ ផ្ទៃដី​ដាំ​ម្រេច​កើនឡើង ឬ​ថយចុះ គឺ​អាស្រ័យ​លើ​ស្ថានភាព​តម្លៃ​ម្រេច​ជាក់ស្តែង ។​

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ទីផ្សារ​កសិកម្ម​នៅ​អន្តរជាតិ​មិនសូវ​ល្អ​ទេ ។ ដូច្នេះ តម្លៃ​ម្រេច​អាច​នឹងរង​ផលប៉ះពាល់ ប៉ុន្តែ​សម្រាប់​ម្រេច​កំពត និង​ស្រាក្រហម ដែលមាន​ឈ្មោះ​ល្បី​រួចហើយ គឺ​មិន​ថយចុះ​តម្លៃ​នោះទេ ។ តម្លៃ​កសិផល​វា​ពឹង​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ​ច្រើន ។​

​លោក​បន្តថា ៖ « ការងារ​នេះ​មិនមែនជា​ការងារ​របស់​កសិករ​ទេ គឺជា​ការងារ​របស់​រា​ជ​រដ្ឋាភិបាល​ដែល​ផ្តោតលើ​ការដឹកនាំ កុំ​ផ្តោតលើ​ការផលិត​តែ​អ្វីមួយ​មុខ គឺ​គួរ​ធ្វើ​ពិពិធ​កម្ម​ផលិតផល កុំ​ដាំ​តែមួយ​មុខ គួរ​ធ្វើ​ឲ្យ​ច្រើន​មុខ​តាម​ស្ថានភាព​ដី និង​ទីតាំង​ជាក់ស្តែង ។ រាជរដ្ឋាភិបាល​ត្រូវ​ដឹកនាំ​តាមបែប​ម៉ាក្រូ ហើយ​សិក្សា​ពី​បញ្ហា​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​រក​ដំណោះស្រាយ​ជូន​កសិករ​របស់​យើង » ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close