អេ​ស្ប៉ា​ញ​បណ្តេញ​គ្រូបង្វឹកនឹងជ្រេីសរេីសគ្រូបង្វឹក​ថ្មី​មុន​បើក World Cup ១​ថ្ងៃ​

កីឡា ៖ លោក Julen Lopetegui​​​ ត្រូវបានសហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បានសម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ តាមរយៈ​ការបណ្តេញពី​តំណែង​គ្រូបង្វឹក មួយ​ថ្ងៃមុន​ការបើក​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី និង​ពីរ​ថ្ងៃមុន​ពេលដែល​ពួកគេត្រូវ​តទល់​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​ជំនួប​ក្នុង​ពូ​ល B​។លោក Luis Rubiales ប្រធាន​សហព័ន្ធ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​នៅទីនេះ ដើម្បី​និយាយថា យើង​បង្ខំចិត្ត​បណ្តេញ​គ្រូបង្វឹក​ពី​តំណែង​»​។​​​​ លោក Julen Lopetegui បានធ្វើ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ អន់ចិត្ត​យ៉ាងខ្លាំង បន្ទាប់​លោក​ត្រូវ​បានប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ក្លិប Real Madrid កាលពី​ថ្ងៃ​អង្គារ ខណៈដែល​លោក​កំពុងមាន​ភារកិច្ច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នៅ World Cup​។​

ទន្ទឹមនឹងនោះ សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញបានតែងតាំង​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី ក្នុងថ្ងៃដដែល​នេះផងដែរ។

នៅមុន​កាន់​កាប់បន្ទុក​ដ៏​ធ្ងន់​នេះ លោក Hierro មាន​តួនាទី​នាយក​កីឡា​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​​ លោក Hierro អាយុ​៥០​ឆ្នាំ ដែលជា​អតីត​ខ្សែការពារ​ក្លិប Real Madrid និង Bolton Wanderers ផងដែរ​នោះ មាន​ពេលវេលា​ដ៏​ប្រកៀក​បំផុត​ក្នុងការ​ដឹកនាំ​ក្រុម ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ជើងឯក​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់​នា​ថ្ងៃ​សុក្រ សម្រាប់​ជំនួប​ដំបូង​ក្នុង​ពូ​ល B​៕លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​របស់​អេ​ស្ប៉ា​ញ។ រូបថត AFP

លោក Fernando Hierro ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមអេ​ស្ប៉ា​ញ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close