បុរសម្នាក់វាយធ្វើបាបក្មេងប្រុសបង្ហោះវីដេអូតាម Facebook ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ឯក​ ប៉ុល​ ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រ​​​សួង​​​មហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកកុមាររងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ។ ពេលនេះជនសង្ស័យកំពុងសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ហើយក្មេងដែលត្រូវបុរសនោះវាយធ្វើបាប គឺជាកូនបង្កើតរបស់បុរសនោះតែម្តង។

សូមរម្លឹកថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏សាហាវឃោរឃៅនេះ។ ទើបនៅថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងនគរបាលឈានដល់កំណត់អត្តសញ្ញាណ ឃាត់ខ្លួនជនសង្ស័យ បុរសជាឪពុកបានតែម្តង៕

កុមាររងគ្រោះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close