បុរសបើកបរដែលបានបុករថយន្តសម្ដេច ក្រុមព្រះ នរោត្តមរណឫទ្ធិ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ​​​ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ដែលបើកបររថយន្តតាក់សុី ហេីយបានបុកជាមួយរថយន្ត​​​សម្ដេច ក្រុមព្រះ នរោត្តមរណឫទ្ធិ បណ្តាលអោយមានជនរងគ្រោះស្លាប់និងរបួស ពេលនេះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្តហេីយ ដេីម្បីដោះស្រាយតាមនិតិវិធី។

ជនបង្កគ្រោះថ្នាក់នេះ មានឈ្មោះ វ៉ុល សារ៉េត អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបើករថយន្ត វ៉ាជែងជ្រុលទៅបុករថយន្ត សម្តេច ក្រុមព្រះនរោត្ត មរណឫទ្ធិ នៅផ្លូវជាតិលេខ៤ ក្នុង ស្រុកព្រៃនប់ ហើយខ្លួនឯងក៍រងរបួសធ្ងន់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានថ្លែងថា “ករណីនេះ បើទោះបីជាជនសង្ស័យមានរបួសយ៉ាងណាក៍ដោយ ក៍និតិវិធីត្រូវតែអនុវត្តដែរ តាមរយៈការព្យាបាលផងនិងអនុវត្តន៍និតិវិធីច្បាប់ផង ដោយបញ្ជូនជនល្មេីសទៅដល់សាលាដំបូងខេត្ត ការសម្រេចក្តីគឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេច”។

លោកឧត្តមសេនីយ៍ត្រី អុី សុខា បញ្ជាក់បន្ថែមទៀតថា ពេលនេះបុរសដែលបង្កគ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនិតិវិធីហើយ នារសៀលថ្ងៃ១៨ខែមិថុនាឆ្នាំ២០១៨នេះ។

សូមរម្លឹកថា គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ មានជនរងគ្រោះម្នាក់បានស្លាប់គឺ អ្នកម្នាង អ៊ុក ផល្លា និងមានជនរងគ្រោះ៦នាក់ផ្សេងទៀតដែលជិះក្នុងរថយន្តទាំងសងខាង ទទួលរងរបួសធ្ងន់និងស្រាល ក្នុងនោះរួមមានទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផងដែរដែលទ្រង់ទទួលរងរបួសធ្ងន់៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close