​អូស្ត្រាលីបញ្ចូន​ក្រុម​ឯកទេស​ទៅ​​​​ជួយ​​​​រំ​​​ដោះ​​​​ក្មេង​​​​ចេញ​​​​ពីរូង​​​ភ្នំ​​​​នៅ​​​​ប្រ​​​ទេស​​​​ថៃ​

អូស្ត្រាលី-ថៃ ៖ នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា រដ្ឋមន្ត្រីការ​បរទេស អូស្ត្រាលី​លោក Julie Bishop បាន​ប្រកាស​ថា បាន​បញ្ជូន​អ្នក​ឯកទេស​ពីរ​រូប​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​​ជួយ​សង្គ្រោះ ក្រុម​កីឡាករ​កុមារ​ថៃ​ដែល​កំពុង​តែ​ជាប់​គាំ​នៅ​ក្នុង​រូងភ្នុំថាំលួង ដោយ​សារតែ​ទឹក​លិច។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រៅ​ពីបញ្ជូន អ្នក​ឯកទេស​ពីរ​រូប អូស្ត្រលី​ក៏​បាន​បញ្ជូន​មន្ត្រី​ទាហាន​ជើង​ទឹក ទៅ​ជួយ​ផង​ដែរ ។ មន្ត្រី​អូស្ត្រាលី​និង​សហការ​ជា​មួយ​កម្លាំង​ជួយ​សង្គ្រោះ​ជម្រុះ ជួយ​ជនរង្គ្រោះ​នៅ​រូងភ្នំ។

ក្រៅ​ពី​អូស្ត្រាលី រដ្ឋាភិបាល​ថៃ​​ក៏​បាន​ស្នើរ​ដល់​កម្លាំង​ទាហាន​ជើង​ទឹក​ពិសេស​របស់​អាមេរិក ប្រចាំ​នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក ៣០រូប​និង​ឧប្បករណ៍​ទំនើបៗ ទៅ​ជួយ​រំដោះ​កុមារ​ចេញ​ពីរូងភ្នំ ។

កាលពី​ថ្ងៃ​ទី៤ខែ​កក្កដា មន្ត្រី​ថៃ បាន​ឲ្យ​ដឹងថា នឹង​បង្រៀន កុមារ​ទាំង​នោះ ហែល​ទឹក​និង​មុជ​ទឹក ដោយ​ប្រើ​ប្រាស់​បំពងអ៊ុក​ស៊ី​ហ្សែន ​ដើម្បី​​ចេញ​មក​ក្រៅ។

ឧប្ប​នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក Prawit Wongauwan បាន​ឲ្យ​ដឹងថា ទឹក​នៅ​ក្នុង​រូងភ្នំហូ​ខ្លាំង ហើយ​ខ្យល់​នៅ​ក្នុង​រូងភ្នំ​ក៏​កាន់​តែ​តិច​ទៅ។​ដូច្នេះ​ការបញ្ចូន​កុមារ​ទាំង​នោះ​ចេញ​ក្រៅ​នា​ពេល​នេះ គឺជា​រឿង​ដ៏​លំបាក​បំផុត ដោយ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ក្រុង​ជួយ​សង្គ្រោះ​ច្រើន​នាក់។

ព័ត៌មាន CNN បាន​ដកស្រង់សម្តី​នាយក​រដ្ឋ​មន្ត្រី​​ថៃ​ថា រូងភ្នំថាំលួង ជា​ដែល​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ថៃ និង​អន្តរជាតិ កំពុង​ដុត​ដៃ​ដុត​ជើង​យក​ក្មេង​១២​នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់ របស់​ពួក​គេ​ម្នាក់​​ចេញ​មក​ខាង​ក្រៅ អាច​នឹង​ក្លាយជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់។

ថ្លែង​ចេញ​ពី​ការិយាល័យ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារសប្ដាហ៍​នេះ នាយក​រដ្ឋ​មន្រ្តី​​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា បាន​គូស​បញ្ជា​ក់​ដូច្នេះ​ថា៖« រូងភ្នំស្ថិត​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ាយ ភាគ​ខាង​ជើង​នៃ​ប្រទេស ទំនង​អាច​នឹង​ក្លាយជា​កន្លែង​ដ៏​ល្បីល្បាញ​ទាំង​នៅ​ក្នុង​ស្រុក និង​ពិភព លោក ហើយ​វា​ក៏​អាច​នឹង​ក្លាយជា​តំបន់​​ទេសចរណ៍​ដ៏​សំខាន់​ផង​ដែរ។ ដូច្នេះ​​យើង​ត្រូវ​តែ​ចាត់​វិធានការ​ធានា​សុវត្ថិភាព​ឱ្យ​ស្រប​ទៅ តាម​សកម្មភាព​​ទេសចរណ៍»។

គួរ​រំលឹកថា ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​ពួក​គេ​ម្នាក់ ត្រូវ​បាន​ក្រុម​អ្នក​ខាង​មុជ​ទឹក មកពី​ចក្រ​ភព​អង់គ្លេស​ចំនួន​ពីរ​នាក់ រក​ឃើញ​ថា​នៅ​មាន​ជីវិត នៅ​ឡើយ​កាលពី​ថ្ងៃ​ចន្ទ នៅ​ម៉ោង​ប្រមាណ ១០៖២៥​នាទី​យប់ ដោយ​ស្ថិត​នៅ​ចំ​ងាយ​ប្រហែល​០៤​គីឡូ ម៉ែត្រ​ពីមាត់រូងភ្នំ។ ប៉ុន្តែ ក្រុម​ជំនាញ​ថៃ និង​អន្តរជាតិ ដែល​កំពុង​បំ​ពេញ​​ប្រតិបត្តិ​ការ​នៅ​ឡើយ​នៅ​តំបន់​រូងភ្នំថាំលួង ស្រុក​ម៉ែសៃ នៃ​ខេត្ត​ឈៀងរ៉ាយ ភាគ​ខាង​ជើង​ប្រទេស​ថៃ​នោះ បាន​វាយ​តម្លៃ​ថាគេអាច​នឹង​ត្រូវ​ប្រើ​ពេល​រាប់សប្ដាហ៍ ​ដើម្បី​​យកជនរង​គ្រោះ​ទាំង ១៣​នាក់ ចេញ​ពីរ​ូងភ្នំ​នេះ​បាន។

ក្រុម​ជំនាញ​ត្រូវ​បង្ហាត់​ពួក​គេ​ទាំង ១៣​នាក់ ពីរ​បៀបមុជ​ទឹក និង​ប្រើ​ប្រាស់​បរិក្ខាមុជ​ទឹក​ជា​មុន​សិន ខណៈ​ស្បៀង​អាហារ បំពង់អុក ស៊ី​ហ្សែន និង​ថ្នាំ​ពេទ្យ​កំពុង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ផ្សេង​ទៀត​បញ្ជូន​ទៅ​ខាង​ក្នុង​រូងភ្នំជាបណ្ដើរៗ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close