សមត្ថកិច្ចក្រ​បួ​ចក្រុមចោរឆក់១០​នាក់ ដែល​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​​ក្នុង​ក្រុង​សៀមរាប​

ក្រុម​ចោរឆក់​វ័យ​ក្មេង​ចំនួន​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀមរាប សហការ​ជា​មួយ​អធិការ​នគរបាល​ស្រុក​ប្រាសាទ​បាគង ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប ក្រសោប និង​ក្របួច​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រោយ​ពីគ្នី​គ្នា​របស់​គេ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​​តាម​ដង​ផ្លូវ​តែ​មិន​បាន​សម្រេច។

យោង​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ថា មុន​នឹង​ឈាន​ដល់​ការក្រសោប​ក្រុម​ចោរឆក់​ទាំង​សំ​បុក​នេះ គឺ​ដំបូង​នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥​និង​៣០​នាទី នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​រលួស​ខាង​លិច ឃុំរលួស ស្រុក​ប្រាសាទ​បាគង មាន​ករណី​អំពើ​លួច ឆក់កាបូប បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ សាង ប៊ុណ្ណារ៉ាត់ ២-​ឈ្មោះ លឹម ម៉េងហួរ ជិះ​ម៉ូតូ​១គ្រឿប​ម៉ាក​ហុងដាឌ្រីម​ស៊េរីឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាំបន្ទះ​ខ្មៅ បាន​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើជនរង​គ្រោះ​ឈ្មោះ ជា ង៉ា ភេទ​ប្រុស អាយុ​៣៦ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងទឹម ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ស្រុក​ប្រាសាទ​បាគង ធ្វើ​ការកាក់ឃាត់ជន​សង្ស័យ​នឹង​ម៉ូតូ​បាន យកមក​ធ្វើ​ការសួរ​នាំ។ បន្ទាប់​មក​ក៏​ឈាន​ទៅ​ឃាត់​ខ្លួន​បក្ខ​ពួក​ជា​បន្ត​បន្ទាប់។

ជា​មួយ​នឹង​ការឃាត់​ខ្លួន​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារៈ​វត្ថុ​តាង​មាន៖ -អាយភេត(IPad)​ពណ៌​ខ្មៅ​ចំនួន​១ -​ទូរស័ព្ទ​ម៉ាក​អាយហ្វូនស៉ិច(IPhone6) -​ទូរស័ព្ទ​ម៉ាក​Samsung -​ទូរស័ព្ទ​ណូគាចុចពិល -កាបូប​លុយ​ពណ៌​ខ្មៅ​២ -កាបូប​លុយ​ស្រ្តី៤ -ស្ពីកឃឺ១ -កាបូបស្ពាយ​ចំនួន​៤ -អាយហ្វូនសេវេន​ពណ៌​ស១(IPhone7) -ម៉ាស្ទឺកាត(Master card)៣ -​ស៊ី​មកាត​ក្រៅ​ប្រទេស​១ និង​-​ម៉ូតូ​ចំនួន​៣​គ្រឿង។

ផ្អែក​តាម​ការចំលើយ​របស់​ជន​សង្ស័យ​ទាំង​១០​នាក់​ខាង​លើ ពួក​គេ​បាន​ឆ្លើយសារភាពថា ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​ឆក់កាបូប​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ក្រុង​ពិត​ប្រាកដ​មែន។

យ៉ាង​ណា​ក៏​ដោយ ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ក្រុង​សៀមរាប បាន​សំណូមពរ​ដល់​សមត្ថកិច្ច សូម​ចាត់​វិធានការ​ឲ្យ​បាន​តឹងរឹង​ចំពោះ​ក្រុម​ចោរឆក់​ទាំង​នោះ ព្រោះ​ថា ក្រុង​សៀមរាប គឺជា​ទិសដៅ​ទេសចរណ៍​ដ៏​សំខាន់ ហើយ​ពុំ​ដែល​មាន​សកម្មភាព​ចោរឆក់​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close