ទីបំផុត បារាំងលេីកពាន World Cup 2018

កីឡា ៖ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ក្លាយជា​ម្ចាស់​ជើងឯក FIFA World Cup 2018 ក្រោយ​បាន​យកឈ្នះ​ក្រូ​អាត ៤-២ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Luzhniki ក្រុង​មូ​ស្គូ​​​​ ប្រទេសរុស្សីុ។ ជ័យជម្នះនេះបានធ្វេីឲ្យបារាំងបង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​លើក​ទី​២​ក្នុងការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក។

​ក្រូ​អាត​បានបង្ហាញ​ទម្រង់​លេង និង​បច្ចេកទេស​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង​បារាំង​យប់​នេះ​។ ប្រហែលជា​១០​នាទី​ដំបូង​នៃ​វគ្គ​ទី​១ ក្រូ​អាត​បានដាក់​សម្ពាធ​យ៉ាងខ្លាំង ប៉ុន្តែ​របាំង​ការពារ​បារាំង​ទប់ស្កាត់បាន​យ៉ាង​ល្អ​។ បារាំង​បាន​វា​យមក​មួយៗ​រហូត​មាន​គ្រាប់​បាល់​កើតឡើង​នៅ​នាទី​ទី​១៨​ដែលជា​ការ​តែ​ត​ចូល​ទី​ខ្លួនឯង​របស់​ខ្សែប្រយុទ្ធ Mandzukic បន្ទាប់ពី​ខ្សែប្រយុទ្ធ​បារាំង Griezmann ស៊ុត​បាល់​ពិន័យ​ហ្វ្រី​ឃី​ក​។​

​បន្ទាប់ពី​ត្រូវបាន​បារាំង​នាំមុខ ១-០ ក្រូ​អាត​បន្ត​គ្រប់គ្រង​ស្ថានការណ៍ និង​វាយ​សម្រុក​យ៉ាងខ្លាំង​រហូត​រកបាន​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​នាទី​ទី​២៨​ដោយ​កីឡាករ​លេចធ្លោ Ivan Perisic​។ យ៉ាងណា​គ្រាប់​បាល់​ស្មើ​នេះ​រក្សា​មិនបាន​យូរ​ឡើយ​ដោយ​នាទី​ទី​៣៨ បារាំង​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើបាន​សម្រេច​ដោយ Griezmann ដើម្បី​នាំមុខ ២-១​។ ចុង​ម៉ោង​ក្រូ​អាត​ដាក់​សម្ពាធ​យ៉ាងខ្លាំង ប៉ុន្តែ​បារាំង​អាច​រារាំង​គ្រាប់​បាល់​បាន​រហូត​ចប់​វគ្គ​ទី​១​។​

​ចំពោះ​ការប្រកួត​វគ្គ​ទី​២​វិញ​រឹតតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រែក​ហ៊ោ​យ៉ាងខ្លាំង​ដោយ​ឃើញ​ក្រូ​អាត​បាន​វាយ​សម្រុក​ឥត​ប្រណី​ជើង​ឡើយ​។ ការ​សម្រុក​ជា​បន្តបន្ទាប់​នៅ​វគ្គ​ទី​២​របស់​ក្រូ​អាត​ត្រូវបាន​បារាំង​រារាំង​បាន​។ ផ្ទុយទៅវិញ​ចាប់ពី​នាទី​ទី​៥៥​ឡើង​បា​រាំងជា​អ្នក​វាយលុក​វិញ​ប្រកបដោយ​គ្រោះថ្នាក់​។​ ឱកាស​បន្ត​កើតមានឡើង​សម្រាប់​ក្រុម​បារាំង ដោយ Paul Pogba ប្រើ​ជើងឆ្វេង​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ៣-១ នៅ​នាទី​៥៩​។ នេះ​ជាការ​ព្យាយាម​ស៊ុត​លើក​ទី​ពីរ​របស់ Pogba ក្រោយ​បាល់​ផ្លាត​ចេញពី​ខ្សែការពារ​របស់​ក្រូ​អាត។

ដល់​នាទី​៦៥ បារាំង បង្កើន​គម្លាត​នាំមុខ​ដែល​សម្រេចបាន​ដោយ​កីឡាករ​វ័យក្មេង Kylian Mbappe ក្រោយ​ការបញ្ជូន​របស់ Lucas Hernandez​។ ប៉ុន្តែ​៣​នាទី​ក្រោយមក អ្នកចាំទី​បារាំង Hugo Lloris បង្កកំហុស ដោយ​ទាត់​បាល់​ស្រាលៗ​ចេញពី​ជើង​របស់ខ្លួន ខណៈ Mandzukic ដែល​នៅក្បែរនោះ បាន​ឆាប​យក​បាល់ ហើយ​ទាត់​បញ្ចូល​ទី​តាម​ពីក្រោយ​ក្នុង​លទ្ធផល ៤-២ ។​

សូមជម្រាបថាចំណាត់ថ្នាក់​លេខ​២ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ក្រូអាត ដោយ​កាលពី​ឆ្នាំ​១៩៩៨ ដែរនោះ ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ នា​ការបង្ហាញ​បង្ហាញខ្លួន​លើកដំបូង​នៅ World Cup​។​

ចំណែកលោក Didier Deschamps គ្រូបង្វឹក​បារាំងវិញ ក៏​រកបាន​កំណត់ត្រា​ពិសេស​សម្រាប់​ខ្លួន​ផងដែរ ដោយ​កាលពី​២០​ឆ្នាំមុន លោក​បាន​នាំ​បារាំង​ឈ្នះ​ពាន​ក្នុងនាម​ជា​កីឡាករ ហើយ​២០​ឆ្នាំក្រោយ លោកបានជួយឲ្យបារាំង​ឈ្នះ​ពាន​ជាលើក​ទី​ពីរ ក្នុងនាមជាគ្រូបង្វឹក​៕

ក្រុមបារាំងអបអរសាទរជ័យជម្នះរបស់ខ្លួន

កីឡាករវ័យក្មេង Kylian Mbappe ថេីបពាន World Cup

Résultat de recherche d'images pour "fifa world cup 2018 final"

ក្រុមជម្រេីសជាតិបារាំង

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close