ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ​ថ្នាំញៀន​ជាង​៤​គីឡូ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ជំនាញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​២​ករណី នៅ​ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដកហូត​បាន​ថ្នាំ​ជាង​៤​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​។​

​របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៧) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយផ្ទាល់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សៀង ណុល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​២​នាក់ ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន ទី​១៖​ឈ្មោះ វណ្ណ លីន ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ទី​២៖​ឈ្មោះ ម៉ៅ ស៊ី​ធាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដោយ​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៩៨៨,៦​ក្រាម​។​

​ដោយឡែក​មួយ​ករណី​ទៀត កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដឹកនាំ​ដោយផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទ្រ​ស សុខ​ជា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ចំណុច​ក្នុង​ផ្ទះជួល លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លទ្ធផល​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ឈ្មោះ ផន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១០២៩,៧៩​ក្រាម​, ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន (WY) ១០៩,០៥​ក្រាម និង​ជញ្ជីង​ថ្លឹង​០២​គ្រឿង​។​

​ឆ្លងតាម​ការស្រាវជ្រាវ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​បូរី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ កម្លាំង​ជំនាញ​បាន​បន្ត​ឈានទៅ​ចាប់ខ្លួន បក្សពួក​ម្នាក់ទៀត ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចាប់យក​វត្ថុតាង មេ​តំ​ហ្វេ​តា​មីន (ice) ៩៩៩,៦៦​ក្រាម​ទៀតផង សរុប​មេ​តំ​ហ្វេ​តា​មីន សរុប​២១៣៨.៥​ក្រាម ក្នុងនោះ ICE ២០២៩,៤៥​ក្រាម និង WY ១០៩,០៥​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close