ព្យុះសុងទីញ ជះ​ឥទ្ធិពល​​​​មក​​​លើ​​​​ប្រ​​​ទេស​​​​កម្ពុជា បណ្តាល​​​​ឲ្យ​​​​ផ្ទៃ​​​​មេឃ​​​អាប់​​​អួរ និង​​​​ភ្លៀង​​​​ខ្លាំង​

ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា នេះ ព្យុះទី៩ ឈ្មោះ សុងទីញ (SON-TINH) បាន​កំពុង​ស្ថិត​នៅ​ភាគ​ខាង​កើត​កោះ​ហៃណាំ ហើយ​ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​កាត់​កោះ​ហៃណាំ រួច​ទៅ​ដល់​ឆ្នេរតុងកឹង (ប្រទេស​វៀ​ណាម) នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៨។

យោង​តាម​ការព្យាករ ឥទ្ធិពល​របស់​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ផ្ទៃ​មេឃ​មាន​សភាពអាប់អួ មាន​ពពក​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស ពិសេស​ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៨ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់​សមុទ្រ តំបន់​ខ្ពង់រាប តំបន់​ជួរភ្នំ និង​បណ្តា​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណាម។

នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ។

ជា​មួយ​គ្នា​នេះ ក្រសួង​ធនធាន​ទឹក ស្នើបងប្អូន​ប្រជានេសាទ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ទំនាប​ជាប់​ផ្លូវ​ទឹក​នានា បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ជៀសវាង​នូវ​គ្រោះ​ថ្នាក់​​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជាយថា​ហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close