​កូរ៉េ​ខាង​ត្បូង រក​ឃើញ​នា​វាយាមល្បាត រុស្ស៊ី​ផ្ទុកមាស២០០​តោន​លិច ក្នុង​សង្គ្រាម ជប៉ុន រុស្ស៊ី​

កូរ៉េខាងត្បូង ៖ ក្រុម​ហ៊ុន​រ៉ុករក​របស់​កូរ៉េ​ខាង​ត្បូង បាន​រក​ឃើញ នា​វាយាមល្បាត​របស់​រុស្ស៊ី​ផ្ទុកមាស​សុទ្ធ ២០០​តោន ដែល​បាន​លិច​នៅ​ជិត​កោះ Ulleung។

យោង​តាម​សារ​ព័ត៌មាន RT បាន​ផ្សាយ​ថា ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង បាន​រក​ឃើញ​នាវា​រុស្ស៊ី​​ដែល​លិច​នៅ​ក្នុង​សង្គ្រាម​រុស្ស៊ី​​ជប៉ុន ។

នាវា Dmitrii Donskoi ជានា​វាយាមល្បាត របស់​កម្លាំង​ទាហាន​ជើង​ទឹក​របស់​រុស្ស៊ី​ បាន​បញ្ជូន​​ទៅ​កាន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិក ជា​មួយ​និង​នាវាចម្បាំងជា​ច្រើន​គ្រឿង ដើម្បី​ធ្វើ​សង្គ្រាម​ជា​មួយ​ជប៉ុន​នៅ​អំឡុង​ឆ្នាំ ១៩០៤-១៩០៥។

នាវា​ខាង​លើ​បាន​ចូល​រួម​នៅ​ក្នុង​សង្គ្រាម Tsushima ហើយ​ការលិចនាវា​ខាង​លើ​គឺជា​សោកនាដកម្ម​របស់​ទាហាន​ជើង​ទឹក​រុស្ស៊ី​ ។ នៅ​មុន​ពេល​លិច នាវា Dmitrii Donskoi បាន​ដេញ​តាម​នាវាចម្បាំង​ជប៉ុន តែ​ធ្លាក់​ចូល​ក្នុង​អន្ទាក់ ត្រូវ​ទាហាន​ជប៉ុន​បាញ់​ពន្លិច។ នៅ​ពេល​នោះ​ទាហាន​ជើង​ទឹក​រុស្ស៊ី​​នៅ​លើនាវា​ខាង​លើ​មិន​ព្រម​ចុះ​ចាញ់​ឡើង ដោយ​បាញ់​តបត​វិញ ទី​បំផុត ក៏​ត្រូវ​ជប៉ុន​បាញ់​ពន្លិច នៅ​តំបន់​សមុទ្រ​កោះ Ulleung របស់​កូរ៉េ​ខាង​ត្បូង។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​ចារទុកមក មាស​នៅ​ក្នុង​នាវា​ខាង​លើ​ត្រូវ​បាន​លិច​ទៅ​ជា​មួយ​នាវា។ មាស​ទាំង​នោះ​គឺទុក​សម្រាប់ តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​លើនាវា ក៏​ដូចជា បើក​ប្រាក់​ខែ​ឲ្យ​ទាហាន នៅ​លើនាវា​នោះ។

ការ​ដែល​នាវា​ដ៏​ធំ​របស់​រុស្ស៊ី​​បាន​លិច ធ្វើ​ឲ្យ​ក្រុម​អ្នក​រ៉ុករកកំណប់​ស្រេកឃ្លាន​យ៉ាង​ខ្លាំង ។ មនុស្ស​ជា​ច្រើន បាន​រ៉ុករក ថាតើនាវា​ខាង​លើ​បាន​លិច​នៅ​ត្រង​ចំណុច​ណា ​ដើម្បី​ស្វែងរក។

ក្រុម​ហ៊ុន Shinl Group របស់​កូរ៉េ​ខាង​ត្បូង បាន​​បញ្ជា​ក់​ថា បាន​ដឹងពីនាវា​ខាង​លើលិច​នៅ​កន្លែង​ណា។ នៅ​ថ្ងៃ​ទី១៧ខែ​កក្កដា ក្រុម​ហ៊ុន​នេះ​បាន​ផ្តល់​ព័ត៌មាន​ថា ក្រោយ​ពេល​បាន​ប្រើ​ប្រាស់​នាវាមុជ​ទឹក​ជម្រៅ ៣៤៣​ម៉ែត្រ នៅ​តំបន់​សមុទ្រ មាន​ចម្ងាយ​ពី​កោះ Ulleung ១,៣​គីឡូ​ម៉េត្រ ​ក៏​បាន​រក​ឃើញ​នាវា​រុស្ស៊ី​​ខាង​លើ។

ក្រុម​ហ៊ុន Shinil Group បាន​ប្រកាស​ថា«ការរក​ឃើញ​របស់​យើង​នា​ពេល​នេះ​គឺ​បញ្ចប់​នូវ​ពាក្យ​ចចាមអារ៉ាម ពី​ទី​តាំង​នាវា​ខាង​លើលិច ។

សារ​ព័ត៌មាន​យ៉ុនហាប់​របស់​កូរ៉េ​ខាង​ត្បូង​បាន​ផ្សាយ​ថា ក្រុម​ហ៊ុន​រ៉ុករក ខាង​លើ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្វែងរក​នាវា​របស់​រុស្ស៊ី​​ខាង​លើ ដែល​មាន​ផ្ទុកមាស​យ៉ាង​ច្រើន​នេះ។ បច្ចុប្បន្ន ក្រុម​ហ៊ុន​​ក៏​បាន​​សហការ​ជា​មួយ​ក្រុម​ហ៊ុន របស់​ចិន និង​កាណាដា អង់គ្លេស ​ដើម្បី​ស្ទូចនាវា​ខាង​លើ​ឡើង​គោក។ ហើយ​ការស្រង់នាវា​ខាង​លើ​ឡើង​គោក នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា ឬ វិច្ឆិកា​ខាង​មុខ ។

ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​បាន​វាយ​តម្លៃ​ថា កំណប់​ទ្រព្យ​នៅ​ក្នុង​នាវា​នោះ «មាស់២០០​តោន» នឹង​មាន​តម្លៃ​រវហូត​ដល់​ទៅ​១៣៣​ពាន់​លាន​ដុល្លារ។ ក្រុម​ហ៊ុន​បាន​សន្យា​ចំណាយ​ប្រាក់​១០​ភាគរយ​ពីកំណប់​ខាង​លើ ក្នុង​ការ​អភិវឌ្ឍន៍​កោះ Ulleung ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន។ ក្រៅ​ពី​នេះ​នឹង​ទុក​ដល់​រុស្ស៊ី​​មួយ​ចំណែក​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close