លោក អ៊ិត សារ​ម្យ អតីត​អនុប្រធាន LDP បង្កើត​គណបក្ស​ថ្មី​

​ក្រសួងមហាផ្ទៃ​បានសម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលមាន​ឈ្មោះថា «​គណបក្ស​បំណង​ពលរដ្ឋ​» ដែល​គណបក្ស​ថ្មី​នេះ បង្កើតឡើង​ដោយ​លោក អ៊ិត សារ​ម្យ ជា​អតីត​អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​។​

​យោងតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៦​ខែកក្កដា ក្រសួង​បានអនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​បំណង​ពលរដ្ឋ (​គ​.​ប​.​ព​) ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២០​បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​បំណង​ពលរដ្ឋ បាន​ឲ្យ​ដឹងថា គ​.​ប​.​ព ត្រូវបង្កើត​ឡើង​ដោយ​កំណត់​យក​គោលដៅ «​មាតុភូមិ​មួយ​ដែល​ពលរដ្ឋ​ជា​ម្ចាស់​រស់ក្នុង​ភាពថ្លៃថ្នូរ​» ដើម្បី​បណ្តុះ​ភាតរភាព សុចរិត​ភាព ផ្សះផ្សា​ជាតិ សាមគ្គី​ជាតិ សម្រេច​បំណង​រួម​របស់​ពលរដ្ឋ ស្របតាម​មាគ៌ា​ប្រជាធិបតេយ្យ និង​ស្គាល់​តម្លៃ​នៃ​ភាពជា​ម្ចាស់​ប្រទេស​ស្របតាម​បាវចនា​របស់​គណបក្ស «​ដោយ​យើង របស់​យើង ដើម្បី​ជាតិ​យើង​»​។​

​គិត​មកដល់ពេលនេះ គេ​ពុំ​ឃើញ​មានប្រតិកម្ម​អ្វី​ពី​គណបក្ស​ស​ម្ព័​ន្ដ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា ទេ ទំនងជា​គណបក្ស​នេះ​មិន​រវល់​ពី​បញ្ហា​នេះ ឬ​អាចមកពី​ជាប់រវល់​ជាមួយ​សកម្មភាព​ឃោសនា​គណបក្ស​ផង​។

​សូម​បញ្ជាក់ដែរថា លោក ខឹម វាសនា ធ្លាប់បាន​លើកឡើង​ជាញ​យ​ដង​ពី​បញ្ហា​ដែល​លោក​បាន​បណ្តេញ​លោក អ៊ិត សារ​ម្យ ចេញពី​គណបក្ស ដោយ​លោក​អ៊ិត សារ​ម្យ ផ្ទាល់​ក៏​តែងតែ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ឥត​ដាច់​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close