អាថ៌កំបាំង​ទាំង​ឡាយ របស់​កុមារ​១២​នាក់​និង​គ្រូ​បង្វឹង​ជាប់​នៅ​ក្នុង​រូងភ្នំថាំលួង​ត្រូវ​បាន​លាតត្រដាង

ក្រោយ​រយៈ​ពេល​១សប្តាហ៍​ដែល​រំដោះ​កុមារ​ទាំង​១២​នាក់​និង​គ្រូ​បង្វឹក​ម្នាក់​ ក្នុង​ក្រុម​កីឡា «ជ្រូក​ព្រៃ» U 16 ដែល​ជាប់​នៅ​ក្នុង​រូងភ្នុំ ថាំលួង ខេត្ត ឈៀងរ៉ៃ​ពេល​នេះ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង នៅ​ក្នុង​សន្និសីទ​កាសែត ។

ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​សួរ​នៅ​សំនួរ​ជាង ១០០សំនួរ ទៅ​កាន់​សមាជិក​ក្រុម​កីឡាករ​ខាង​លើ​នឹង​គ្រូ​បង្វឹក​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ទី១៨ខែ​កក្កដា ម្សិលមិញ។

ហេតុ​អ្វី​បាន​ជា​ក្រុម​កីឡាករ ចូល​ទៅ​ក្នុង​រូងភ្នុំថាំលួង?

គ្រូ​បង្វឹង​វ័យ​២៥ឆ្នាំ លោក Ekaphol Chantawong បាន​បញ្ជា​ក់ថា សមាជិក្រុម​ទាំង​អស់​បាន​ព្រម​ព្រៀង​គ្នា​ចូល​ក្នុង​រូងភ្នុំ ​ដើម្បី​​ចង់​ដឹង​ចង់​ឃើញ ក្នុង​រយៈ​ពេល​១​ម៉ោង។ គ្រូ​បង្វឹក​ក៏​បាន​បញ្ជា​ក់ថា ​ពួក​គាត់​​មិន​បាន​ចូល​ទៅ​ទី​នោះ​​ដើម្បី​​ធ្វើ​ខួប​កំណើត​ដល់​សមាជិក​ក្រុម​ដូចការ​ផ្សាយ​របស់​សារ​ព័ត៌មាន​កាលពី​កន្លង​មក​ឡើយ។ គ្រូ​បង្វឹក​បាន​បញ្ជា​ក់ថា នៅ​ពេល​ដែល​វិល​ត្រឡប់​ចេញ​ក្រៅ​វិញ​ទើប​ដឹងថា ខ្លួន​ជាប់​គាំង​នៅ​ខាង​ក្នុង ។

គ្រូ​បង្វឹក Ekaphol Chantawong បាន​បញ្ជា​ក់ថា ក្រុម​កីឡាករ​គឺ​ចេះ​ហែល​ទឹក​ទាំង​អស់ ដោយ​ក្រោយ​ការ​ហ្វឹកហាត់​ប្អូនៗ​តែង​តែ ទៅ​ហែល​ទឹក ។ កន្លង​មកសារ​ព័ត៌មាន​បាន​ផ្សាយ​ថា គ្មាន​​កុមារ​ណាម្នាក់​នៅ​ក្នុង​ក្រុម​ចេះ​ហែល​ទឹក​នោះ​ឡើយ។ លោក Ekaphol Chantawong បន្ត​ទៀត​ថា ពេល​ដំបូង ក្រុម​ទាំង​មូល​បាន​សម្រេច​រក​ផ្លូវ​ចាក​ចេញ ។ ពេល​ដំបូង ក្រុម​កីឡាករ មិន​មាន​ការភ័យ​ខ្លាច​នោះ​ឡើយ ដោយ​គិត​ថា ទឹក​នឹង​ស្រក​ចុះ​វិញ ហើយ​នឹង​មាន​មនុស្ស​មក​ជួយ​នៅ​ថ្ងៃ​បន្ទាប់។

គ្រូ​បង្វឹង Ekaphol Chantawong បាន​ព្យាយាម​លើក​ទឹក​ចិត្ត ស្មារតី​កូន​សិស្ស​របស់​ខ្លួន​កុំ​ឲ្យ​ភ័យ​ខ្លាច ហើយ​ក៏​បាន​រក​ទឹក​ផឹក ដោយ​ផឹក​ទឹក​ស្រក់ពីភ្នំ មិន​ហានផឹក​ទឹក​ហូរ​នោះ​ឡើយ​ខ្លាច​មាន​ជម្ងឺ។ ប្អូនៗ​គ្មាន​​អ្វី​ញាំ​ឡើយ​មាន​តែ​ទឹក​ផឹក​ប៉ុណ្ណោះ មុន​ពេល​ត្រូវ​ក្រុម​អ្នក​មុជ​ទឹក​រក​ឃើញ។

តើ​អ្នក​ណាជា​អ្នក​សម្រេច ឲ្យ​ក្រុម​កីឡាករ ចេញ​មក​ក្រៅ​តាម​លំដាប់?

គ្រូ​បង្វឹក Chantawong បាន​បញ្ជា​ក់ថា គ្មាន​​កីឡាករ​ណាម្នាក់​ដណ្តើម​ចេញ​ក្រៅ​មុន​ឡើយ ។ លោក​Chantawong បាន​និយាយ កម្លែង​ទៀត​ថា កីឡាករ​រូបណា ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពីរូងភ្នុំ​ជាង​គេ​និង​ចេញ​មុន​គេ ។ គ្រូ​ពេទ្យ​ដែល​ចូល​ទៅ​ក្នុង​រូងភ្នំ​បាន​បញ្ជា​ក់ថា សុខភាព​និង​ស្មារតី​កុមារ​ទាំង​អស់​ល្អ​ប្រសើរ ដូច្នេះ​ការ​សម្រេច​ចេញ​មក​ក្រៅ អ្នក​ណាមុន ក្រោយ​ជាការ​ស្ម័គ្រ​ចិត្ត។ គ្រូ​បង្វឹក​ខាង​លើ បាន​បញ្ជា​ក់ថា គ្មាន​​កីឡាករ​ណាម្នាក់​ចង់​ចេញ​ក្រៅ​មុន​មិត្ត​ភក្តិ​របស់​ខ្លួន​នោះ​ឡើយ (ចេញ​ចោល​មិត្ត​ភក្តិ) ដោយ​ពួក​គេ​មាន​ទំនាក់​​ទំនង​ជិត​ស្និត​នឹង​គ្នា​យ៉ាង​ខ្លាំង ចេះ​ថែ​រក្សា​គ្នា រួម​សុខ​ទុក្ខ​នឹង​គ្នា​បាន​យ៉ាង​ល្អ​បំផុត។

តើ​កីឡាករ ៣​នាក់​និង​គ្រូ​បង្វឹក​ម្នាក់​ នឹង​ក្លាយ​ជា​ពលរដ្ឋ​ថៃ​ពេញ​សិទ្ធ​ដែរ​ឬ​ទេ?

មន្ត្រី​ក្នុង​តំបន់​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​បាន​បញ្ជា​ក់ថា ឯកសារ​ទាំង​ឡាយ​បាន​ដាក់​បញ្ជូន​ទៅ​ឲ្យ​នាយក​ដ្ឋាន ។ ដូច្នេះ​ កីឡាករ​៣រូប និង​គ្រូ​បង្វឹក នឹង​ក្លាយ​ជា​ពលរដ្ឋ​ថៃ​ពេញ​សិទ្ធ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ក្រៅ​ពី​រៀបរាប់​ពី​ជីវិត​ឯកោ​ក្នុង​រូងភ្នំរយៈ​ពេល ៩​ថ្ងៃ ក្មេង​ទាំង ១២​នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​របស់​ពួក​គេ​ក៏​បាន​ប្រាប់​ថា ក្នុង​ពេល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ ពួក​គេ​ក៏​បាន​មើល​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ជ្រើស​ជាតិ​បារាំង និង​ក្រូអាស៊ី​នាយប់​ថ្ងៃ​អាទិត្យ ទី១៥ កក្កដា​ដែរ។ បន្ទាប់មក មាន​អ្នក​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹងពីការ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់ទាត់​ជំនាញ​ទៀត​ផង។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្មេង​ទាំង ១២​នាក់​ដែល​មាន​អាយុ​ពី ១១ឆ្នាំ​ទៅ ១៦ឆ្នាំ និង​គ្រូ​បង្វឹក​បាល់ទាត់​របស់​គេ​ម្នាក់​​អាយុ ២៥ឆ្នាំ​បាន​នាំ​គ្នា​ចូល​ក្នុង​រូងភ្នំ Tham Luang ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​កាលពី​ថ្ងៃ​ទី២៣ មិថុនា និង​បាន​ជាប់​កុន​ចេញ​មិន​រួច​ដោយ​សារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ។
គេ​ត្រូវ​រង់ចាំ​រហូត​ដល់ ៩​ថ្ងៃ​ទើប​ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​ជន​ជាតិ​អង់គ្លេស​បាន​រក​ឃើញ​ទី​កន្លែង​របស់​ពួក​គេ​ដែល​មាន​ចម្ងាយ​ប្រមាណ ៤​គីឡូ​ម៉ែត្រ​ពីច្រក​ផ្លូវ​ចូល។

តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ថៃ​ដោយ​មាន​ជំនួយ​ពីអន្តរជាតិ​បាន​ព្យាយាម​រិះរកគ្រប់​មធ្យោបាយ​​ដើម្បី​​រំដោះ​ពួក​គេ​ចេញ។ ទី​បំផុត ប្រតិបត្តិ​ការរំដោះ​ពួក​គេ​បាន​​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​អាទិត្យ ទី៨ កក្កដា និង​បញ្ចប់​ក្នុង​ថ្ងៃ​អង្គារ ទី១០ កក្កដា​ដោយ​រំដោះ​បាន​ក្មេង​ទាំង ១២​នាក់ រួម​ទាំង​គ្រូ​បង្វឹក​បាល់ទាត់​របស់​ពួក​គេ​ដោយ​សុវត្ថិភាព។ តែ​ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ភ្លាមៗ​ទៅ​ឲ្យ​សម្រាក​ពិនិត្យ​សុខភាព​ក្នុង​មន្ទីរ​ពេទ្យ​ជាង ១សប្តាហ៍​ទើប​អនុញ្ញា​ត​ឲ្យ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ ទី១៨ កក្កដា។

ក្នុង​ឱកាស​សន្និសីទ​កាសែត​រួម​គ្នា​នោះ​ដែរ ក្មេង​ទាំង​១២​នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​ក៏​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ជំនាញ​មុជ​ទឹក​ជន​ជាតិ​ថៃ​ម្នាក់​​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិ​ការសង្រ្គោះ​ពួក​គេ ព្រម​ទាំង​លុត​ជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះ​មុខ​រូបថត​ព្រះ​មហា​ក្សត្រ​ថៃ។

អ្នក​នំា​ពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ក់ថា ក្មេង​ទាំង ១២​នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​អាច​នឹង​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេនា​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close