អា​យៃ​ឆ្លើយឆ្លង​ក្រោម​ប្រយោគ​បណ្តាញ​សង្គម ពី​សមាគម​វៀតណាម នៅ​មិនទាន់​រកឃើញ​ការពិត​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ផ្សព្វផ្សាយ​ពី​សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ជាមួយ​រឿង​មួយ​នេះ​យ៉ាងខ្លាំង និង​ថែមទាំង​បានដាក់​បន្ទុក​ទៅលើ​គណបក្សកាន់អំណាច ថា​មិនអាច​គ្រប់គ្រង ព្រមទាំង​ជា​រឿង​ដ៏​គគ្លើន​ថែមទៀត​។​

​ជុំវិញ​ករណីនេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៨​កក្កដា​នេះ បានដាក់​ការសង្ស័យ​ជំហាន​បឋម​ថា អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ទំនងជា​នៅ​ពីក្រោយ​ការ​ប្រតិស្ឋ​ព័ត៌មាន​ដែលថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​។ ជុំវិញ​ការសន្និដ្ឋាន​នេះ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ផ្លូវ​នយោបាយ​ទុច្ចរិត​បែបនេះ​ដែរ​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃទី​១៨​ខែកក្កដា​នេះ ។

​លោក​បាន​បន្ថែមថា អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​បឋម​ថា អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ឬក៏​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ជា​អ្នក​នៅ​ពីក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែលថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​។​

 

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់ថា ការណ៍​ដែល​អាជ្ញាធរ​ហ៊ាន​សន្និដ្ឋាន​ដូច្នេះ​គឺ​ដោយសារតែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ភាគច្រើន​ដែលជា​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ចែករំលែក​ព័ត៌មាន​នេះ​តាម​គ្នា​។ ហើយ​ប្រសិនបើ​អាជ្ញាធរ​រកឃើញ​អ្នក​ប្រឌិត​ព័ត៌មាន​នៅក្នុង​ប្រទេស ពួកគេ​ច្បាស់​ជា​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ឡើយ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​ពួកគេ​មាន​សញ្ជាតិ​ពីរ គឺ​អាជ្ញាធរ​នឹង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​បែប​ផ្សេង​។ នេះ​បើតាម​លោក ខៀវ សុភ័គ​។ សម្រាប់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ព័ត៌មាន​នេះ​គឺជា​រូបភាព​ញុះញង់​រាំងខ្ទប់​ដំណើរការ​បោះឆ្នោត និង​រើសអើង​ជាតិ​សាសន៍​។​

​ចំណែកឯ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា​«​នេះ​គឺ ល្បិចកល​ប្រកបដោយ​ការ​ត្រដរខ្យល់​មុននឹង​ស្លាប់ ។ ជាការ​ញុះញង់ និ ង​រើសអើង​ជាតិ​សាស​ន៌​ដែល​ពួកនេះ​តែងតែ​អនុវត្ត​តាំងពីដើម​រៀងមក ។ ជាការ​មួលបង្កាច់​សភា​ព​ការណ៍ ដើម្បី​ដុត​កំហឹង​ជាតិ​សាសន៍ ។ ជា​ក្បួន​ភូត​ច្រើន​ចាញ់​អាត្មា ។ ជា​ល្បិចកល​ទាល់ច្រក និង​នៅ​លើក​» ។ ជាមួយគ្នា​នោះដែរ​លោក​សុខ ឥសាន អះអាងថា ប្រជាជន​កម្ពុជា គ្រាន់តែ​ឃើញ​ល្បិចកល​នេះ​ស្គាល់​ដល់​មុខ និង​ឈ្មោះ​ក្រុម​ជន​អគតិ​ទាំងនោះ​យ៉ាងច្បាស់ គឺ​គ្មាន​នរណា​ក្រៅពី​ពួក​ឧទ្ទាម​ប្រឆាំង​ឡើយ ។​

​ចំណែក លោក អ៊ុក គឹម​ហ៊ាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ក៏បាន​លើកឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​«​ការ​ប្រឌិត​ព័ត៌មាន​ថា សមាគម​វៀតណាម​អំពាវនាវ​ឲ្យ​ប្រជាជន​វៀតណាម​នៅ​កម្ពុជា​ទៅ​បោះឆ្នោត​នោះ គឺ​វា​មិនអាច​ទៅរួច​ទេ ព្រោះថា ដើម្បី​បោះឆ្នោត​បាន​លុះត្រាតែ​គាត់​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ នេះ​ជា​ល្បិច​បោកប្រាស់​របស់​ពួកក្រុម​ប្រឆាំង​ខុសច្បាប់ ដើម្បី​បំពុលបរិយាកាស​នយោបាយ​នៅពេល​ជិត​បោះឆ្នោត​» ។ ទាក់ទិន​នឹង​ការអំពាវនាវ​នេះដែរ ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា​លោក ស៊ឹម ជី ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ស្រង់​សម្តី​ដោយបាន​ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​ការ​ប្រឌិត​របស់​បណ្តាញ​ព័ត៌មាន​ក្រុមប្រឆាំង​ដែល​បាន​ផ្សព្វផ្សាយ​ថា សមាគម​វៀតណាម​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទៅ​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា ។​ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​បាន​ចាត់ទុកថា ការ​ប្រឌិត​ព័ត៌មាន​បែបនេះ​គឺជា​កា រ​ញុះញង់ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាគម​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ករណីនេះ​ខាង​សមាគម​របស់លោក​បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ជា​ច្រើនដង​រួចហើយ​ដែរ ។​

​ទោះយ៉ាងណា​ក៏ដោយ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ប្រាប់​វិទ្យុ​អន្តរជាតិ​នេះ​ដដែល​ថា អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន គ្មាន​ផ្លូវ​ធ្វើ​នយោបាយ​ទុច្ចរិត កេង​បន្លំ ដូច​ការសន្និដ្ឋាន​រប​ស់​អាជ្ញាធរ​ឡើយ​។ សម្រាប់ លោក​អ៊ូ ច័ន្ទ​រ័​តុ្ន ផ្ទាល់ លោក​បញ្ជាក់ថា លោក​មានការ​ភ្ញាក់ផ្អើល​ដែរ​ពេល​ឃើញ​ការអំពាវនាវ​របស់​ស​មា​គម​វៀតណាម ឲ្យ​ពលរដ្ឋ​វៀតណាម​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​។ បើទោះជា​ព័ត៌មាន​នេះ​មិនមែនជា​ការពិត​ក៏ដោយ លោក អ៊ូ ច័ន្ទ​រ័ត្ន​បាន​ចោទសួរ​ទៅកាន់​អាជ្ញាធរ​ថា តើ​ការអនុវត្ត​ច្បាប់​សញ្ជាតិ​នៅ​កម្ពុជា ពិតជា​ដូច​ទៅនឹង​ការចុះផ្សាយ​នេះដែរ​ទេ​?

​គួររម្លឹកថា សារ​ដែល​សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាងថា ជា​ព័ត៌មាន​ប្រឌិត​នោះបាន​ជម្រុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​ចូលសញ្ជាតិ​។ តាមរយៈ​សារ​អមដោយ​រូបភាព​ឃោសនាបោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅលើ​ផ្ទៃ​ទឹក​នេះ ប្រធាន​សមាគម​ខ្មែរ វៀតណាម បាន​ចាត់ទុកថា ការ​ប្រឌិត​ព័ត៌មាន​បែបនេះ គឺជា​ការ​ញុះញង់ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាគម​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close