ទូច ស្រី​លក្ខណ៍ ដាស់តឿន​ដល់​ស្ត្រី​គ្រប់រូប ការតុបតែង​ខ្លួន និង​ថែ​សម្រស់ គឺ​មិន​ស្រស់ស្អាត ដូច​កាល​នៅ​លីវ ឬ​មិនទាន់​រៀបការ​នោះឡើយ​

​ភ្នំពេញ​៖​តារាចម្រៀង​ស្រី​ទើប​វិល​មក ប្រឡូក​សិល្បៈ​វិញ អ្នកនាង ទូច ស្រី​លក្ខណ៍ បង្ហើរ​សារ​ដ៏​មានន័យ​បែប​ជួយ រំឭក​ដាស់តឿន​ដល់​បងប្អូន​ស្ត្រី​ដូចគ្នា ឲ្យ​ចេះ​ស្រឡាញ់​ថែទាំ​សម្រស់​ខ្លួនឯង​គួរ​ឲ្យ​កោតសរសើរ តាម​បណ្តាញ​សង្គម ខណៈ​ព្រលយ​ថា ការតុបតែង​ខ្លួន​គឺ​មិន​ស្រស់ស្អាត​ដូច កាល​នៅ​លីវ ឬ​មិនទាន់​រៀបការ​នោះឡើយ ដូច្នេះ​តុបតែង​បែប​សាមញ្ញៗ ។​

​តារាចម្រៀង​ស្រី​រូបនេះ​បាន​បង្ហើប​ថា «​ភាពស្រស់ស្អាត​របស់​ម​នុស្ស​មាន​ខុសៗ​គ្នា អ្នកណា ថា មនុស្ស​ស្រី បន្ទាប់ពី​មានកូន​ហើយ ប្រែ​រូបរាង​លែង​ស្អាត​ដូច​មុន សំខាន់​លើ​ខ្លួន​យើង​ចេះ​ថែរក្សា ចូរ​កុំ​ប្រាប់​ខ្លួនឯង​ថា ខ្ជិល​មិនដឹង​ធ្វើខ្លួន​ឲ្យ​នរណា​មើល​ផង ធ្វើ​សម្រាប់​ស្វាមី​របស់​យើង និង​សម្រាប់ ខ្លួន​យើង​។ នេះ គឺជា​ចំណុច​សំខាន់​របស់​មនុស្ស​ស្រី​គ្រប់ៗ​គ្នា​»​។​

​តារាចម្រៀង​ស្រី មានកូន​មួយ​បន្តថា «​ដោយសារ​យល់ និង​សង្កេតឃើញថា បងប្អូន​ស្ត្រី​ខ្មែរ​មួយចំនួន មាន​ទស្សនៈ​គិតថា ស្ត្រី​យើង​ពេល​មាន​ស្វាមី និង​កូន​ហើយ រូប​សម្ផស្ស​របស់ខ្លួន​នឹង​អស់​តាម​ពេលវេលា​ផងដែរ គឺ​មិន​ស្រស់ស្អាត​ដូច​កាល​នៅ​លីវ ឬ​មិនទាន់​រៀបការ​នោះឡើយ​។ អ៊ីចឹង​មិនបាច់​ខិតខំ​តុបតែង​កាយ​ឲ្យ​ស្អាត​ដូច​មុន​ទៀត​ទេ​។ សម្រាប់​នាង​ខ្ញុំ​យល់ថា ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​នោះឡើយ ហើយក៏​អាច​នឹង​នាំ​ឲ្យ​បង្កបញ្ហា​រកាំរកូស​ច្រើន នៅក្នុង​សង្គម​គ្រួសារ​ប្តី​ប្រពន្ធ​ទៀតផង​»​។​

តារាចម្រៀង​ស្រី ពូកែ​សម្តែង​លេង​ទឹកមុខ អ្នកនាង ទូច ស្រី​លក្ខណ៍ បន្ថែមថា «​ផ្ទុយទៅវិញ ប្រសិនបើ​បងប្អូន​ស្ត្រី​យើង​ចេះ​ថែរក្សា​រូប​សម្ផស្ស​ខ្លួនឯង ដោយ​ក្តី​ស្រឡាញ់​ខ្លួនឯង​នោះ មិន​ត្រឹមតែ​អាចជួយ​ឲ្យ​យើង​មាន​ភាពស្រស់ស្អាត​តែប៉ុណ្ណោះ​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​ស្វាមី​បន្ថែម​ការស្រឡាញ់​មកលើ​យើង​បង្កើតបាន​សុភមង្គល​ក្នុង​គ្រួសារ​កាន់តែច្រើន​ផងដែរ​»​។​

​សូមជម្រាបថា តារា​ម៉ូ​ដែល និង​ចម្រៀង​ចូលចិត្ត​ភាព​ស៊ីវិល​ល័យ​ប្លែកៗ អ្នកនាង ទូច ស្រី​លក្ខណ៍ ធ្លាប់​បង្ហើប​ថា បទ​ចម្រៀង​បាក់បែក​គ្រួសារ ដែល​កំពុង​ទទួល​ការគាំទ្រ ពី​ទស្សនិកជន នៅពេល​អ្នកនាង​យក​ច្រៀង តាម​បណ្ដា​ស្ថានីយទូរទស្សន៍​មួយចំនួន គឺ​បទ “​សុភ​ម​ង្គ​ម​មិន​ស្ថិត​លើ​លុយ​មួយ​មុខ​” គឺ​មិនមែនជា​ការពិត​របស់​ខ្លួន​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close