លោក សុខ ចាន់​ផល ៖ «​ការងារ​និពន្ធ​មិនអាច​ក្លាយជា​អ្នកមាន​ទេ តែ​វា​មានតម្លៃ​លើសពី​ការ​ក្លាយជា​អ្នកមាន​»

​លោក សុខ ចាន់​ផល អ្នកនិពន្ធ​ល្បីឈ្មោះ​បាន​សម្ពោធ​ជា​ផ្លូវការ សៀវភៅ​ប្រលោមលោក​មួយ​មាន​ចំណងជើង​ថា «​សង្សារ​១៤​ថ្ងៃ​» ជា​ស្នាដៃ​ក្រោយ​គេ​របស់លោក ក្នុងនោះ​មានការ​រៀបចំ​កម្ម​វី​ធី​មួយ​ជាមួយនឹង​ការសម្ពោធ​នោះ​គឺ​កម្មវិធី «​កម្លាំង​បណ្ដាល​ចិត្ត​អ្នកនិពន្ធ​» ជា​វេទី​កា​ពិភាក្សា​ស៊ីជម្រៅ​ចំពោះ​ស្នាដៃ​និពន្ធ រួមជាមួយ​អ្នកនិពន្ធ​ល្បីឈ្មោះ​បី​រូប​ទៀត មានដូចជា​លោក យូ សុភា លោក សួង ម៉ាក កញ្ញា គីម ឌី​ណា កញ្ញា សែត ហត្ថា​(​កូនចាប​មាស​) នៅ​សាកលវិទ្យាល័យ Zaman កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅ ។​

​លោក សុខ ចាន់​ផល ក៏បាន​បកស្រាយ​ពី​ចំណុច សម្រាប់​សំណួរ​មួយទៀត​ដែល​ត្រូវបាន​គេ​ចោទសួរ​ដែរនោះ តើ​អ្នកនិពន្ធ​អាច​ក្លាយជា​អ្នកមាន​ដែរឬទេ ? សំណួរ​នេះ​ហាក់​ចាក់​ដោត​បន្តិច ប៉ុន្តែ​យ៉ាងណា​លោក សុខ ចាន់​ផល បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​ថា ៖ «​ជា​ចម្ងល់​របស់ខ្ញុំ​ដែរ ព្រោះតែ​គិតថា អ្នកនិពន្ធ​អាច​សរសេរ​សាច់រឿងរ​បស់​តួអង្គ​ក្នុងឋានៈ​ផ្សេងៗ ពី​ការតស៊ូ ពី​ទ្រឹស្តី​ជីវិត អ៊ីចឹង​ពួកគេ​គួរតែ​យល់ដឹង និង អាចធ្វើ​បាន​ដោយ​ខ្លួនឯង​ដែរ​ហើយ ។ ទោះជា​យ៉ាងណា​តាមផ្លូវ​នៃ​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​មួយ​នេះ ខ្ញុំ​បាន​រកឃើញ​នូវ​តម្លៃ​ជាច្រើន ដែល​លើសពី​តម្លៃ​នៃ​ទ្រព្យសម្បត្តិ ឬ ជីវ​ភាពជា​អ្នកមាន ។

​ការ​តែង​និពន្ធ​ពិតជា​ជួយ​មនុស្សម្នា ជួយ​សង្គមជាតិ ឬក៏​ជួយ​ពិភពលោក​នេះ​បាន ។ ពេល​ដើរ​ដល់​ចំណុច​នេះ ខ្ញុំ​ក៏​លែង​ខ្វល់ខ្វាយ ឬ ឱ្យ​តម្លៃ​លើ​របស់​ដែល​ត្រឹមតែ​បន្ថែម​នូវ​ភាព​អាត្មានិយម​ឱ្យ​ខ្លួនឯង​តទៅទៀត ។

​គោលដៅ​របស់ខ្ញុំ​មិនមែនជា​កន្លែង​នៃ​ទឹកប្រាក់ ឬ ទ្រព្យសម្បត្តិ មិនមែនជា​កន្លែង​កិត្តិយស ឬ បុណ្យស័ក្តិ មិនមែនជា​កន្លែង​នៃ​ភាព​ស្រណុក​ស្រួល​… ឆាកជីវិត​ជា​ឱកាស ហើយ​គោលដៅ​របស់ខ្ញុំ​គឺ​ដើររក​កន្លែង​ដែល​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​ខ្លួន​ខ្ញុំ​កាន់តែច្បាស់ និង ជា​កន្លែង​ដែល​ខ្ញុំ​អាចជួយ​អ្នកដទៃ​បាន​កាន់តែច្រើន ។ ខ្ញុំ​ជា​អ្នកក្រ​ទ្រព្យសម្បត្តិ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​តែងតែ​រវល់​ធ្វើ​កិច្ចការ​ជាច្រើន ដែល​ធ្វើឱ្យ​ខ្ញុំ​គ្មាន​ពេល​គិតដល់​មាន ឬ ក្រ ។ ពេលនេះ​ខ្ញុំ​មិនឱ្យ​តម្លៃ​ទៅលើ​ឋានៈ​ជា​អ្នកមាន ឬ អ្នកក្រ​ឡើយ ។

​ខ្ញុំ​ឱ្យ​តម្លៃ​លើ​ពេលវេលា​ដែល​ខ្លួន​មាន ថា​តើ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ចូលរួម​កសាង​សង្គមជាតិ និង ថែរក្សា​ពិភពលោក​នេះ ។ ខ្ញុំ​ធ្លាប់ជា​មនុស្ស ចង់​ក្លាយជា​អ្នកមាន​ដែរ ដែល​ហេតុផល​ព្រោះតែ​ខ្ញុំ​ចង់​ស្រណុក​ស្រួល មិនបាច់​ធ្វើការ​ងារ​នឿយហត់ តែ​ពេលនេះ​ខ្ញុំ​ប្តូរ​ជា​យោបល់​ថា បើ​មិន​ធ្វើការ​គឺ​ស្តាយ​ពេលវេលា​ណាស់​» ។​

​គួរឱ្យ​ដឹង​ដែរ​ថា លោក សុខ ចាន់​ផល មិន​ត្រឹមតែ​បញ្ចេញស្នាដៃ​ខ្លួន​ជា​ប្រភេទ​ប្រលោមលោក «​សង្សារ​១៤​ថ្ងៃ​» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្នាដៃ​នេះ​ទៀតសោត លោក​ក៏បាន​ឈានដល់​ការផលិត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថែមទៀត ដែល​មកដល់ពេលនេះ​បាន​ដំណើរ​ការថត​ជិត​ចប់​ជា​ស្ថាពរ​ហើយ និង គ្រោង​ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close