ជំនន់​នៅ​ខេត្ត​មួយ​ចំនួន​ធូរស្រាល​វិញ ក្រសួង​កំពុង​ព្រួយ​បារម្ភ​ការជន់លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​

យោង​តាម​សេចក្តី​រាយការណ៍​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ជំនន់​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​កោះ​កុង កំពត កំពង់ស្ពឺ ហាក់​ធូរស្រាល​បន្តិច​វិញ​ហើយ , ជា​មួយ​នឹង​ការធូរស្រាល​នេះ ក្រសួង​ធនធាន​ទឹក​បាន​បង្វែរការ​ចាប់​អារម្មណ៍​មក​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​វិញ។

លោក លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បាន​ថ្លែង​ថា ទោះ​បីជា​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ពេល​នេះ ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាង​គំហុក​ទៅ​កាន់​ផ្នែក​ខាង​ក្រោម តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គម្រាម​កំហែង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល ។ ចំពោះ​មុខ​បញ្ហា​នេះ លោក​បាន​ដឹក​នាំ​កម្លាំង​ផ្ទាល់ ចុះ​ទប់ទល់ជា​មួយ​នឹង​ទឹក​ជំនន់​នៅ​តាម​ទំនប់សណ្តរស្ទឹង​ព្រែក​ត្នោត ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការហូរច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល។

ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រចាំ​ការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់​ប្រចាំ​ការ និង​តាម​ដាន ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close