សេដ្ឋកិច្ច​កម្ពុជា​-​ចិន ចុះ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ភូតគាមអនាម័យ ដើម្បី​នាំ​ចេក​ទៅ​កាន់​ទី​ផ្សារ​​ចិន​

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពីរ​សៀល​ថ្ងៃ​ទី០២​សីហា ម្សិលមិញ បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា លើ​ពិធី​សារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ សម្រាប់​ការ​នាំ​ចេញ​កម្ពុជា ទៅ​កាន់​ទី​ផ្សារ ប្រទេស​ចិន។

សូម​បញ្ជា​ក់ថា ការ​ចុះ​ពិធី​សារ​នេះ គឺជា​ការ​ឆ្លើយតប​របស់​ភាគី​ចិន តាម​សំណើ​របស់​ភាគី​កម្ពុជា តាម​រយៈ​ក្រុម​ការ​ងារ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចាប់​ផ្តើម​ចរចា​ទី​ផ្សារ​ជា​មួយ​ភាគី​ចិន​ឡើង​វិញ តាម​រយៈការ​រៀបចំ​ផែនការ​ការ​ងារ សម្រាប់​រៀបចំ​ពិធី​សារ​នាំ​ចេញ​ផ្លែចេក​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន និង​បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង កាលពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​ទៅ នៅ​សហភាព​មីយ៉ាន់ម៉ា។

ហើយ​ជា​មួយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​បន្ថែម​នេះ គឺ​ភាគី​កម្ពុជា​បាន​និង​កំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព និង​ពន្លឿន​ការ​ងារ​បន្ថែម ក្នុង​ការ​នាំ​ចូល​នូវ​ផលិត​ផល​កសិកម្ម​ចាំបាច់​មួយ​ចំនួន​ទៀត ទៅ​កាន់​ទី​ផ្សារ​​ចិន ដូចជា៖ ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែដូង និង​សំ​បុក​ទឹក​មាត់ត្រចៀកកាំ ជា​ដើម។

សូម​បញ្ជា​ក់ថា ផលិត​ផល​កសិកម្ម​កម្ពុជា ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​​ប្រទេស​ចិន​កាល​ពីឆ្នាំ​២០១៧ រួម មាន ៖ អង្ករ ចំនួន​ជិត ២០០​ពាន់​តោន ផលិត​ផលដំឡូងមី​ក្រៀម​និង​ម្សៅ​សរុប​ចំនួន​ជាង ៥៨​ពាន់​តោន កៅស៊ូ​មាន​ចំនួន ៣.៣៤០​តោន ស្ករអំពៅ​មាន​ចំនួន ១៤.៩៤០​តោន និង​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ទៀត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close