អ្នក​ជំនាញ​អះអាង​ថា ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា នៅ​តែ​បន្ត​បង្ហាញ​នូវ​សញ្ញាវិជ្ជ​មាន​ល្អ​

អ្នក​ជំនាញ​ផ្នែក​អចលនព្រទ្យ​បាន​អះអាង​ថា ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា នៅ​តែ​បន្ត​បង្ហាញ នូវ​សញ្ញាវិជ្ជ​មាន​ល្អ គឺ​មាន​ការ​កើន​ឡើង​សន្សឹមៗ ក្នុង​ចន្លោះ​១០​ភាគរយ ទៅ​១៥​ភាគរយ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដី នីតិកាល​ទី៦ ឆ្នាំ​២០១៨​នេះ​រួច​មក។

លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ Century 21 Mekong ដែល​ត្រូវ​ដកស្រង់សម្តី​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​កម្ពុជា AKP បាន​ឲ្យ​ដឹងថា ស្ថានភាព​ទី​ផ្សារ​អចលន​ទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​មាន​សកម្មភាព​ល្អ​ប្រសើរ និង​ដំណើរ​ការ​ទៅ​មុខ​ជា​ធម្មតា ដោយ​សារ​វិនិយោគិន ពុំ​មាន​ការព្រួយ​បារម្ភ​ពី​ស្ថានភាព​បោះ​ឆ្នោត​នោះ​ទេ។ លោក​មើល​ឃើញ​ថា វិនិយោគិន​បរទេស និង​ក្នុង​ស្រុក នឹង​តែ​បន្ត​សំរុក​ទិញ​ដី សម្រាប់​ធ្វើ​ការ​វិនិយោគ ហើយ​គម្រោង​ថ្មីៗជា​ច្រើន ក៏​បាន​និង​កំពុង​មាន​វត្ត​មាន​ជា​បន្ត​បន្ទាប់​ផង​ដែរ។

លោក Li Min អគ្គ​នាយក​ក្រុម​ហ៊ុន​ចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នាមជា​វិនិយោគិន​បរទេស លោក​ពុំ​មាន​ការព្រួយ​បារម្ភ​ពី​ស្ថានភាព​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ ដោយ​លោក​នៅ​តែ​មើល​ឃើញ​ពី​ឱកាស​វិនិយោគ​នៅ​ក្នុង​ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា ហើយ​បាន​បើក​គម្រោង​ថ្មី​អគារ​ពាណិជ្ជកម្ម​ចំនួន​ពីរ​បន្ថែម​នៅ​ក្រុង​ព្រះ​សីហនុ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ក្នុង​ឆមាសទី១ឆ្នាំ ២០១៨​នេះ ក្រសួង​បាន​អនុម័ត​គម្រោង​សំណង់​ប្រមាណ​១.០០០​គម្រោង និង​មាន​ទឹក​ប្រាក់​អាច​បាន​កើន​ឡើង​ដល់​ជាង​២.០០០លាន ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close