​អ្នក​ចិញ្ចឹម​ក្រពើសម្តែង​ការព្រួយ​បារម្ភ ក្រោយ​តម្លៃ​កូន​ក្រពើ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

ប្រជា​ពលរដ្ឋ​​ដែល​ប្រកបរបរ​ចិញ្ចឹម​ក្រពើ​លក់​បាន​លើក​ឡើង​ថា តម្លៃ​កូន​ក្រពើឆ្នាំ​នេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ខណះ​ដែល​មិន​មាន​ទី​ផ្សារ​​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ។

លោក អ៊ុន ឡូត ប្រជា​ពលរដ្ឋ​​រស់​នៅ​ក្នុង​ភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯកភ្នំ បាន​ឲ្យ​ដឹងថា ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកបរបរ​ចិញ្ចឹម​ក្រពើ​ជាង​បួនឆ្នាំ​មក​ហើយ ដោយ​មើល​ឃើញ​ថា តម្លៃ និង​ទី​ផ្សារ​វា​ល្អ ហើយ​មួយ​វិញ​ទៀត​វា​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​ដោយ​មើល​ពិបាក​ក្នុង​ការ​មើល​ថែ​ឡើយ ចំពោះ​ចំណី​វិញ​គឺ​គ្រាន់​តែ​ប្រមូល​ទិញ​យក​កូន​ត្រី ឬ​ក្បាល​ត្រី​ដែល​គេ​កាត់​ចោល​មកកិនលាយ​ឲ្យ​សុី​តាម​លទ្ធភាពបីបួន​ថ្ងៃ ឬ​មួយ​អាទិត្យ​ម្តង​ក៏​បាន។

លោក​បន្ត​ថា ចំពោះ​តម្លៃ​ទី​ផ្សារ​​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កូន​ក្រពើ​មួយ​ក្បាល​លក់​បាន​ក្នុង​តម្លៃ​ពី២០​ដុល្លារ ទៅ​៣០​ដុល្លារ​ឯណោះ ទើប​តែរយះ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​បាន​ធ្លាក់​យ៉ាង​គំហុកមក​ត្រឹម​កូន​ក្រពើ​មួយ​ក្បាល​តម្លៃ​៩​ដុល្លារ ទៅ​ជាង​៩​ដុល្លារ​ប៉ុណ្ណោះ។

លោក ជួង សុភា នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់​ដំបង បាន​ឲ្យ​ដឹងថា នៅ​ទូរ​ទាំង​ខេត្ត​បាត់​ដំបង មាន​ប្រជា​ពលរដ្ឋ​​ប្រកបរបរ​ចិញ្ចឹម​ក្រពើ​ជាង​១០០​គ្រួសារ ស្មើ​និង​ជាង​២​ម៉ឺន​ក្បាល​ក្រពើ ហើយ​ចំពោះ​តម្លៃ​ទី​ផ្សារ​​វិញ កាលពី​ឆ្នាំ​២០១៣-២០១៤-២០១៥ កូន​ក្រពើ​មួយ​ក្បាល​លក់​បាន​តម្លៃ​ចាប់​ពី​ជាង​៣០​ដុល្លារ ទៅ​៤០​ដុល្លារ ហើយ​ទី​ផ្សារ​​នាំ​ចេញ​វិញ គឺ​ទៅ​ប្រទេស​ចិន​តាម​រយះ​អង្គការ​អន្តរជាតិ CITES ដែល​ជា​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខ​ជាតិ។

លោក​បន្ត​ថា រយះ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​មាន​ទី​ផ្សារ​​នាំ​ចេញ ទើប​ធ្វើ​ឲ្យ​តម្លៃ​កូន​ក្រពើ​ក្នុង​ស្រុក​លក់​បាន​ត្រឹម​តែ​មួយ​ក្បាល​៩​ដុល្លារ ទៅ​១០​ដុល្លារ​ប៉ុណ្ណោះ ព្រោះ​ចំពោះ​ក្រពើ​ដែល​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​លក្ខណះ​អន្តរជាតិ​បាន​លុះត្រាតែ​បាន​ចុះ​ក្នុង​បញ្ជីCITES តែ​លោក​ថា​តម្លៃ​កូន​ក្រពើ​និង​ហក់​ឡើង​តម្លៃ​ខ្ពស់​វិញ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close