ក្រុមហ៊ុន​ចិន​មួ​យមក​វិនិយោគ​តំបន់​រមណី​ដ្ឋា​ន​បែប​ធម្មជាតិ នៅ​ជាយ​រាជធានី​ភ្នំពេញ​

​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​មួយ​បានបង្ហាញ​អំពី​គម្រោង​វិនិយោគ​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ​ក្រោម ស្ថិត​ក្នុងស្រុក​កៀនស្វាយ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ជាយ​រាជធានី​ភ្នំពេញ​។​

លោក វណ្ណា​រិ​ទ្ធ មន្ត្រី​ផ្នែក​ទីផ្សារ​នៃ​គម្រោង​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ (Prince Manor Resort) បាន​លើកឡើងថា មជ្ឈមណ្ឌល​កម្សាន្ត​ថ្មី​នេះ គឺ​នឹង​អាច​ចូលរួម ចំណែក​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ទៅ​កម្សាន្ត បាន​នា​ថ្ងៃ​ឈប់សម្រាក​។​

​លោក​បញ្ជាក់ថា មជ្ឈមណ្ឌល​កម្សាន្ត​នេះ ជា​ប្រភេទ​គោលដៅ​ទេសចរណ៍​បែប អេកូឡូស៊ី ដែល​រួមមាន​ទាំង សួន​កម្សាន្ត​កុមារ រមណី​ដ្ឋា​ន​ទេសចរណ៍​បែប​កសិកម្ម​ទំនើប សួន​កម្សាន្ត ក្នុងព្រៃ និង​មាន​បង្ហាញ​នូវ​ផ្ទាំង​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​ប្រវែង​១​គីឡូម៉ែត្រ ដែលជា​គំនូរ​ជ​ញ្ជំ​ង ដ៏​វែង​ជាងគេ​នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។​

​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុ​ជា បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ភ្ញៀវទេសចរ​ចិន ដែល​នឹង​មក​ទស្សនា​នៅ​កម្ពុជា អាច​នឹង​កើន​រហូតដល់​២​លាន​នាក់​បន្ថែម​នោះ រាជធានី​ភ្នំពេញ និង​ខេត្ត​ដែលមាន​សក្ដានុពល​ផ្សេងទៀត បាននិងកំពុង​រៀបចំ និង​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​បែប​វប្បធម៌ និង​ធម្មជាតិ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។​

​លោកជំទាវ​បន្តថា យើង ចង់ឃើញ​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្សាន្ត​នៅ​កម្ពុជា មិន​ត្រឹមតែ​ទស្សនា​ត្រឹមតែ​ប្រាង្គ ប្រាសាទ​ប៉ុណ្ណោះ​ទេ តែ​យើង​គួររៀបចំ​យ៉ាងណា ឱ្យមាន​កន្លែង​កម្សាន្ត​ថ្មីៗ បាន​ច្រើន ដើម្បី អាច​ទាញ​ចំណូល​ឱ្យបាន​ច្រើន​ពី​វិស័យ​ទេសចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close