ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៤.០៣៧គ្រួសារទៀត នៅខេត្តត្បូងឃ្មុំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ២.៦៧១គ្រួសារទៀត (ក្នុងនោះគ្រួសារខ្មែរ-ឥស្លាម ចំនួន ១.៣៥០គ្រួសារ) រស់នៅភូមិចំនួន ១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាពចម្ការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសូមនាំមកក្តីនឹករលឹក ក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ក្នុងទិវា ៨ ឧសភា សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា ដែលបានចុះតាមដានស្ថានភាពទឹកជំនន់ និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាកបានទាន់ពេលវេលា។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាព អនាម័យ ដោយត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅក្រោយពេលទឹកស្រក។
ប្រជាពលរដ្ឋទាំងអស់រក្សាសាមគ្គីភាព ចេះស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក កុំប្រកាន់រើសអើងជាតិសាសន៍ ទោះជាមានជនជាតិខ្មែរ ឬជនម៉ូស្លីមក៏ដោយ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនចំនួន ១៣រូប តាមរយៈ ឧកញ៉ា ហ៊ុន តូ ដែលបានចូលរួមឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសគ្រោះទឹកជំនន់នេះ និងសូមអំពាវនាវដល់សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្រដោយស្ម័គ្រចិត្តតាមសទ្ធាជ្រះថ្លា ដើម្បីកាកបាទក្រហមកម្ពុជា បន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដទៃទៀត។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សូមបញ្ជាក់ដែរថា ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២.៦៧១គ្រួសារ ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១.៣៦៦គ្រួសារ សម្រាប់បន្តចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី (មាន ៦ភូមិ) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។