TripAdvisor ប្រគល់​ពាន​លេខ​១ ដល់​ប្រាសាទ​អង្គ​វត្ត ដែល​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​

​ទីបំផុត​ទៅ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) បានប្រគល់​ពាន​ជា​ផ្លូវការ សម្រាប់​ប្រាសាទអង្គរវត្ត ដែល​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ នៅលើ​ពិភពលោក​។​ ​

​ការប្រគល់​ពាន​នេះ បានធ្វើ​ឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ដោយមាន​វត្តមាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​, ឯកឧត្តម សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​, លោកស្រី សា​រ៉ា ម៉ា​ធ្យូ​ស៍ ប្រធាន TripAdvisor ប្រចាំ​តំបន់​អាស៊ី និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​ជាច្រើន​ទៀត​។​

​លោកស្រី សា​រ៉ា ម៉ា​ធ្យូ​ស៍ ប្រធាន TripAdvisor ប្រចាំ​តំបន់​អាស៊ី បាន​លើកឡើងថា ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨ ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង ទស្សនៈ​របស់​អ្នក​ទេសចរណ៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៨ ។​

​ឯកឧត្តម សុខ សង្វារ ក៏បាន​បង្ហាញ​នូវ​សុទ្ធិ​ដិ​និយម​ថា តាមរយៈ​ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​នេះ តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​នឹង​ទទួលបាន​នូវ​កំណើន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​បន្ថែមទៀត ហើយ​កម្ពុជា​ក៏​កាន់តែ​បន្ត​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​ទៀតផង​ដែរ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ថ្លែងថា ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការបង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​គុណភាព ទាំង​កម្រិត​តំបន់ និង​ពិភពលោក ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍​បាន​ប្តេជ្ញាចិត្ត បន្ត​ដឹកនាំ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ និង បរិ​យា​ប័ន្ន​យ៉ាង​ទូលំទូលាយ ហើយ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍ ក្នុងការ​ជម្រុញ​ការងារ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ ពិសេស​សហការ​ជាមួយ TripAdvisor​។​

​បន្ទាប់ពី​បញ្ចប់​ពិធី គណៈអធិបតី ប្រតិភូ TripAdvisor រួមជាមួយ​ភ្ញៀវ​ទេរ​សចរ បាននាំគ្នា​ជិះ​កង់​រ៉ឺម៉ក​ដង្ហែ​ជា​ក្បួន បន្ត​ទៅតាម​វិថី​នានា​ក្នុង​ក្រុង ឆ្ពោះ​មកកាន់​តំបន់ ផាប់​ស្ទ្រី​ប ព្រមទាំង​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលរួម​កម្សាន្ត​សប្បាយ នៅក្នុង​ពិធីជប់លៀង​ដ៏​អធិកអធម​មួយនា​រាត្រី​នោះ ក្នុង​តំបន់ ផាប់​ស្ទ្រី​ប ដោយមាន​ការប្រគុំ​តន្ត្រី រៀង​រាំ​សប្បាយ ក្រោម​ដំបូល​សុខសន្តិភាព​នៅ​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close