កាណូត​ពីរ​គ្រឿង បើកបុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​​ពេលយប់ គ្មាន​ភ្លើង​បំភ្លឺ

​សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក បានកើត​ឡើង រវាង​កាណូត​បុក​កាណូត នៅលើ​ផ្ទៃ​ទឹក​ក្នុង​ស្ទឹង​សង្កែ ស្ថិតក្នុង​ភូមិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង​១៩​និង​០៥ នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺមាន​កាណូត​ម៉ាក​CNC ប្រភេទ​ស្មាច់ ពណ៌​ស្លា​ទុំ បណ្តោយ​ប្រវែង​៥,៩០​ម៉ែត្រ ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា ១៨​សេស បើកបរ​ដោយ​ឈ្មោះ មាន ភុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ដឹក​ឈ្មោះ ប៉ែន ភីរុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​នឹង​កាណូត​ម៉ាក​CCC ប្រភេទ​ស្មាច់ ពណ៌​ស្លា​ទុំ បណ្តោយ​ប្រវែង​៦,១០​ម៉ែត្រ ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា ១៨​សេស បើកបរ​ដោយ​ឈ្មោះ​សុខ ខេន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ស្លាប់​) នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ដឹក​កូន​ឈ្មោះ​សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​១១​ឆ្នាំ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ថែមទៀតថា មូលហេតុ​នេះ គឺ​អ្នកបើកបរ​កាណូត​ទាំង​២ បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​គ្មាន​ភ្លើង​បំភ្លឺ ហើយ​ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ ប្រមូល​វត្ថុតាង និង កសាង​សំណុំរឿង​តាម​នីតិវិធី និង​សុំ​គោលការណ៍​ឃាត់ខ្លួន​អ្នកបើកបរ​កាណូត​បង្ក រីឯ​សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close