កោះកុង​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨

​កោះកុង ៖ សាលាខេត្ត​កោះកុង មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ក្រសួង ស្ថាប័ន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្តកោះកុង សរុប​ប្រមាណ​ជិត ១០០​នាក់ នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ។​

សូមជម្រាបថា សម្រាប់​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៧ នៃ​ការរៀបចំ​បុណ្យ​សមុទ្រ និង​ជា​ជុំ​ទី​២ សម្រាប់​ខេត្តកោះកុង​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ បន្ទាប់ពី​បានធ្វើ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៤ ប្រកបដោយ​ជោគជ័យ​។ ដោយមាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨​នេះ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​បន្ទាប់ពី​លោកស្រី​អភិបាលខេត្ត បាន​រាយការណ៍​ពី​លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈសម្បត្តិ​គ្រប់ផ្នែក​ជំនាញ​ទាំងអស់​របស់​ខេត្ត ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ​ឲ្យ​បានល្អ និង​ការពិភាក្សា​ផ្តល់យោបល់​ពី​អង្គប្រជុំ​រួចមក លោក ថោង ខុន បានធ្វើការ​បូកសរុប និង​ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​សម្រាប់​អនុវត្ត​ដូចខាងក្រោម​៖

១-​រៀបចំ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៅ​ខេត្ត ដោយ​ភ្ជាប់​គោលដៅ​ទេសចរណ៍ ជាមួយ​សហគមន៍​អេកូ​ទេសចរណ៍​។ ពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​ឆ្នេរ​ខ្សាច់​មួយ ដើម្បី​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត​។​

២-​ពង្រឹងគុណភាព​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍ ពិសេស​សេវា​ស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និង​រមណីយដ្ឋាន​ទេសចរណ៍​។ សំខាន់​ត្រូវ​ជម្រុញ​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​។​

៣-​ការរៀបចំ​កែលំអ និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថាន​ស្អាត និង​ការតុបតែង​លំអ​នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា ពិសេស​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម និង​រៀបចំ​ទទួល​ទេសចរ​។​

៤-​ការត្រៀម​សម្រួល​ដល់​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ នៅ​ខាង​ទឹកដី​ថៃ និង​ទឹកដី​កម្ពុជា តាមរយៈ​ការបង្កើន​ទំនាក់ទំនង និង​កិច្ចសហការ​ដ៏​ល្អ​រវាង​កម្ពុជា​-​ថៃ​។​

៥-​ការត្រៀម​រៀបចំ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​សមុទ្រ មានដូចជា ការសម្តែង​សិល្បៈ​វប្បធម៌ ការ​ហែរ​ក្បួនព្យុហយាត្រា ការប្រកួត​កីឡា​លើទឹក លើគោក លើ​អាកាស ការតាំងពិព័រណ៍​ផលិតផល និង​ម្ហូបអាហារ ការដាំ​ដើមឈើ ។​ល​។​

៦-​រៀបចំ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដើម្បី​សម្របសម្រួល និង​ដំណើរ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ និង​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close