ឃាតករដែលចាក់សម្លាប់មន្ត្រីប៉ូលិសប៉ុស្តិ៍គោក​​​ចក​​​នោះ ត្រូវ​​​បាន​​​ប៉ូ​​​លិស​​​ក្រុង​​​ចាប់​​​ខ្លួន​​​បាន​​​ហើយ គឺជា​​​ប្រពន្ធ​​​របស់​​​ជន​​​រង​​​គ្រោះ​​​

សៀមរាប ៖ ឃាតករដែលយកកាំបិតចិត្តបន្លែ ចាក់សម្លាប់មន្ត្រីប៉ូលិសប៉ុស្តិ៍គោកចកនោះ ត្រូវបានប៉ូលិសព្រហ្មទណ្ឌក្រុងចាប់ខ្លួនបានហើយ គឺ ជាប្រពន្ធរបស់ជនរងគ្រោះ មូលហេតុគឺ ដោយសាររឿងទំនាស់ផ្ទៃក្នុងគ្រួសារ និង ប្រច័ន្ទប្តីមានស្រី។ ហេតុការណ៏ឃាត់ខ្លួនស្ត្រីជនសង្ស័យនោះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងអធិការក្រុង បន្ទាប់ពីនាំយកមកសាកសួរ។

តាមលោកវរសេនីយ៍ទោ នួន សក្ក័ ចំរើនរិទ្ធ អធិការរងទទួលផែនបទល្មើសព្រហ្មទណ្ឌក្រុងបានប្រាប់ថា បន្ទាប់ពីជនសង្ស័យបានចាក់សម្លាប់ជនរងគ្រោះរួចមក កម្លាំងជំនាញក៏បានស៊ើបសួរនៅជុំវិញកន្លែងកើតហេតុ ក៏ឈានទៅនាំខ្លួនស្ត្រី ដែលត្រូវជាប្រពន្ធ​​​ជនរងគ្រោះ តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១ រសៀល ថ្ងៃទី១៥ ខែសីហា មកកាន់អធិការក្រុងដើម្បីសួរនាំ ទើបស្ត្រីរូបនេះ បានសារភាព រួចលោកបានសុំយោបល់ពីលោកស្នងការខេត្ត និង លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្តឱ្យឃាត់ខ្លួនស្ត្រីជនសង្ស័យនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល។

លោកបានបន្តថា ស្ត្រីជនសង្ស័យមានឈ្មោះ សុខ លីនី អាយុ២៦ឆ្នាំ មុខរបរសំអាងការនៅផ្សារជ្រាវ មានស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប សព្វថ្ងៃមានកូនប្រុសម្នាក់ អាយុជាង៣ឆ្នាំ នៅក្នុងបន្ទុក។ ចំណែកជនរងគ្រោះដែលត្រូវប្រពន្ធយកកំបិតចិតបន្លែមកចាក់សម្លាប់ចំនួន១០កាំបិត សុះខ្លួនឈាមស្រោចនោះមានឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរព្រិន្ទបាលឯក បំរើការនៅប៉ុស្តិ៍នគរបាលសង្កាត់គោចក រស់នៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសម្តីសារភាពរបស់ស្ត្រីជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានខលទៅប្តី ដើម្បីឱ្យមកជួយមើលកូនព្រោះកូនក្អកធ្លាក់ឈាម ដល់ពេលគាត់ខលទៅស្រាប់តែប្តីរបស់គាត់បានប្រាប់ថា ឱ្យឌុបមកពេទ្យគន្ធបុប្ផាទៅ គាត់មកដល់ឥឡូវហើយ ចាំបាត់ៗ ស្ត្រីជនសង្ស័យ ក៏យកកូនចេញពីពេទ្យមកឈរនៅចាំពីមុខពេទ្យ មួយសន្ទុះក្រោយមកក៏ឃើញប្តីជិះម៉ូតូមកដល់ ក៏នាំគ្នាជិះទៅផ្ទះ។ ស្ត្រីជនសង្ស័យបានរៀបរាប់បន្តថា ដល់ពេលឡើងជិះម៉ូតូមកផ្ទះក៏មានទំនាស់ពាក្យសម្តីតាមផ្លូវរហូត គ្រាន់តែគាត់ថា បងជួយមកមើលកូនផង ខណៈពេលនោះ ប្តីឌុបបណ្តើរ និយាយបណ្តើរថា អញជាប់យាម និយាយបាន ៤ ទៅ៥ម៉ាត់ ជិះម៉ូតូមកជិតដល់ផ្ទះ ស្ត្រីជនសង្ស័យក៏ឱ្យជនរងគ្រោះ ឈប់ម៉ូតូ ឱ្យគាត់ចុះ ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ បែរជាផ្តួលម៉ូតូ ធ្វើឱ្យធ្លាក់ប្រពន្ធនិងកូន តែត្រូវបានប្រពន្​​​ធអោប​​​កូន​​​ជាប់ ហើយជនរងគ្រោះស្រាប់តែ ដកកូនកាំបិតចិតបន្លែ បំរ៉ុងចាក់ប្រពន្ធនិងកូន ប៉ុន្តែជនសង្ស័យគ្រវាសដៃ ប៉ះ​​​ចំ​​​ទ្រូង​​​ជនរង​​​គ្រោះ​​​ក៏ដួល ហើយជនរងគ្រោះបំរ៉ុងងើបឡើងក៏ជនសង្ស័យចាក់បន្ថែមរហូតលែងដឹងខ្លួន ក៏នាំកូនរត់ទៅផ្ទះធ្វើព្រងើយ។

ខណៈពេលនោះស្ត្រីជនសង្ស័យមិននឹកស្មានថា សមត្ថកិច្ចដឹងថា គាត់ជាអ្នកចាក់សម្លាប់ប្តីរបស់ខ្លួនសោះ។ ក្រោយសួរនាំស្ត្រីជនសង្ស័យ​​​រួច​​​មក សមត្ថកិច្ចក៏បានទៅផ្ទះ ដើម្បីឆែករកមើល ក៏ឃើញវត្ថុតាង រួមមាន: ទូរស័ព្ទសរុប ចំនួន៤គ្រឿង,កាំបិត២ដើម នៅកន្លែងកើតហេតុ,សម្លៀកបំពាក់ ២កំប្លេ, ដបសាំង១ដបទឹកសុទ្ធ, ស្បែកជើង២គូ ក្នុងនោះរបស់ជនរងគ្រោះ ចំនួន១គូរ។

សូមបញ្ជាក់ថា ករណីឃាតកម្មទៅលើមន្ត្រីប៉ូលិសគោកចកនោះ គឺជារឿងគំនុំ រវាងប្តីមានស្រី និង ទំនាស់ក្នុងគ្រួសារ កាលពីព្រលឹមអុលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិតនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

វត្ថុតាង

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close