រថយន្តបុក​រថយន្ត​អ៊ុត​ផ្លូវ របស់​ក្រុមហ៊ុន​ចិន ស្លាប់​ជនជាតិ​ចិន​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់​

​កណ្តាល ៖ រថយន្តបុក​រថយន្ត ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៥៥​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ចំណុច​មុខ​ឡឥដ្ឋ ហ៊ាន ភូមិ​ស្ពាន​ថ្មី ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​ដោយសារ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-5518 បើកបរ​ដោយ ឈ្មោះ ផេង លាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្វាយព្រៃ​ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​បាន មក​បុក​មនុស្ស​ម្នាក់​ឈ្មោះ​យុ សុំ​គិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅក្នុង​ការដ្ឋាន​ចិន ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​កំពុងតែ​ដើរ​តិចៗ​កាន់​សាជី ស៊ីញ៉ូ​រថយន្ត​ដែល​ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ចៀស​ទៅ​គន្លង​មួយទៀត។

ប៉ុន្តែ​រថយន្ត​ខាងលើ​មិន​ចៀស​ក៏​មក​បុក​មនុស្ស ដែល​ស៊ីញ៉ូ​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​បង្ក​ខាងលើ បាន​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4293 ដែល​បើកបរ​ដោយ​ឈ្មោះ ញឹម ផាន់​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ដែល​កំពុងតែ​ស៊ីញ៉ូ​ថយក្រោយ​តិចៗ ដើម្បី​អ៊ុត​គំនូស​ចរាចរណ៍​លើ​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​របួសធ្ងន់​ដល់​ឈ្មោះ ផេង លាង និង​របួសស្រាល​ដល់​ឈ្មោះ​ញឹម ផាន់​នី ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះ​កេតុមាលា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close