ថៃ បន្តអនុវត្តច្បាប់គ្រាអាសន្ន ដើម្បីគ្រប់គ្រងការផ្ទុះកូវីដ១៩
ថៃ៖ ប្រទេសថៃ នឹងបន្លាយពេលនៃការអនុវត្តច្បាប់គ្រាអាសន្នរបស់ខ្លួនរយៈពេលមួយខែទៀត គឺរហូតដល់ដំណាច់ខែសីហា ដោយលើកហេតុផលថា វាជាការចាំបាច់ ដើម្បីគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក សំសាក់ រុងស៊ីតា បានបញ្ជាក់ថា វាចាំបាច់សម្រាប់យើងបើកប្រទេសរបស់យើងបន្ថែមទៀតឡើងវិញ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ហើយថា មធ្យោបាយតែមួយគត់ យើងត្រូវដោះស្រាយស្ថានភាពនេះ ដោយអនុវត្តច្បាប់គ្រាអាសន្ននេះ ។
សូមបញ្ជាក់ផងដែរថា គណៈរដ្ឋមន្ត្រីថៃត្រូវបានគេរំពឹងថា នឹងអនុម័តការបន្ថែមពេលនៃការអនុវត្តច្បាប់គ្រាអាសន្ននេះ នាសប្តាហ៍ក្រោយ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏កំពុងត្រួតពិនិត្យមើលការរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាឈប់ពីតំណែងកាលពីសប្តាហ៍មុន ចំពេលមានភាពចលាចលនៅក្នុងគណបក្សកាន់អំណាច ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។