ក្រសួងចំនួន​២ បណ្តុះបណ្តាល​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស លើ​ការប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់​

ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​ក្រសួងសុខាភិបាល សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ជន​បង្គោល​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស ពី​ការប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់ នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មកពី​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ និង​កោះកុង ។​

​លោក អ៊ុក ណា​វ៉ាន់ អគ្គនាយករង​នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ជន​បង្គោល​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន ព្រោះថា​ពួកគាត់​គឺជា​អ្នក​ប្រឈម​ខ្លាំង​នៅក្នុង​ការកើត​នូវ​ជម្ងឺគ្រុនចាញ់ ដោយសារតែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គឺជា​អ្នកការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ខុសច្បាប់​ផ្សេងៗ ដែល​កើតមានឡើង​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ ពិសេស​នៅ​តំបន់ភ្នំ​និង​ក្នុងព្រៃ​ជាដើម ដូច្នេះ​ការយល់ដឹង​ពី​បញ្ហា​ជម្ងឺគ្រុនចាញ់​កត្តា​សំខាន់បំផុត ។​

​ក្នុងឱកាស​នោះ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ បាន​បង្ហាញថា វគ្គ​បណ្តុះបណ្តាល​នាពេលនេះ គឺ​ក្នុង​គោលបំណង​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្លាយខ្លួន​ទៅជា​ជន​បង្គោល ដើម្បី​ផ្តល់​សេវា​ចែកជូន​សម្ភារៈ (​មុង ថ្នាំលាប​) និង​ធ្វើតេស្ត (​ព្យាបាល​) ឬ​អប់រំ​ប្រជាជន​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​រស់នៅ​និង​ប្រតិបត្តិ​ការងារ​នៅក្នុង​តំបន់ការពារធម្មជាតិ និង​យល់ដឹង​វិធី​បង្ការ និង​លុបបំបាត់​ជម្ងឺ​គ្រុប​ចាញ់​ទាំងស្រុង​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជម្ងឺ​គ្រុប​ចាញ់ ឆ្នាំ​២០២១-២០២៥ របស់​ក្រសួងសុខាភិបាល​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មក មិនមាន​អត្រា​នៃ​ការស្លាប់​ដោយសារ​ជម្ងឺគ្រុនចាញ់​នោះទេ នេះ​បានបង្ហាញ​ឱ្យឃើញថា កម្ពុជា​កំពុង​បោះជំហាន​ឆ្ពោះទៅរក​ការលុបបំបាត់​ជម្ងឺគ្រុនចាញ់ ឱ្យបាន​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។​

​សូមបញ្ជាក់ថា ជំងឺគ្រុនចាញ់ គឺជា​ជម្ងឺ​ដែល​ឆ្លង​ពី​ប្រភព​មូស​ដែកគោល​ខាំ ហើយ​នៅ​ប្រទេស​កម្ពុជា ជំងឺគ្រុនចាញ់​តែង​កើតឡើង​នៅ​រដូវវស្សា ហើយ​ភាគច្រើន​កើនឡើង​នៅ​តំបន់​ដែលមាន​ព្រៃ​ច្រើន សំបូរ​មូស​ដែកគោល ដូចជា​ខេត្តរតនៈគិរី មណ្ឌលគិរី កំពង់ចាម ព្រះវិហារ ប៉ៃលិន​និង​ពោធិ៍សាត់​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close