ប្រេស៊ីល បន្តឲ្យក្រុមហ៊ុនផលិតឱសថចិន សាកល្បងវ៉ាក់សាំងកូវីដ១៩
ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធនេះ បានបើកភ្លើងខៀវអោយក្រុមហ៊ុនផលិតឱសថចិន សាយណូវ៉ាក់-បាយអូធិច បន្តការសាកល្បងវ៉ាក់សាំងប្រឆាំង Covid-19 នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលប្រេស៊ីល Anvisa បញ្ជាក់ថា ឥឡូវនេះពួកគេបានទទួលព័ត៌មានលម្អិតបន្ថែមទៀត អំពីលក្ខណៈនៃឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យបញ្ឈប់ការធ្វើតេស្តវ៉ាក់សាំង CoronaVac របស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះនោះហើយ និងថា ព័ត៌មានទាំងនោះ គឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងឡើងវិញបាន ។
សូមបញ្ជាក់ថា ការអនុញ្ញាតអោយបន្តការធ្វើតេស្តវ៉ាក់សាំងរបស់ចិន ក្នុងប្រទេសប្រេស៊ីលខាងលើនេះ បានកើតមានឡើងស្របពេលដែលមន្ត្រីសុខភាពសាធារណៈប្រេស៊ីលនិយាយថា ឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យស្លាប់អ្នកទទួលស្ម័គ្រចិត្តចូលរួមធ្វើតេស្ត ដែលប៉ូលីសកំពុងស៊ើបអង្កេតនោះថា ជាការធ្វើអត្តឃាតខ្លួនឯងទេ មិនមានការជាប់ទំនាក់ទំនងជាមួយវ៉ាក់សាំងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។