ស្វាគមន៍​វត្តមាន​ដំរី​មកពី​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវបាន​ផ្តល់​ជីវិត​ថ្មី រស់នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ​ប្រទេស​កម្ពុជា

​ខេត្ត​សមៀ​រាប​៖ កម្ពុជា ទទួលបាន​ដំរី​ឈ្មោល​០១​ក្បាល ឈ្មោះ ខា​វ៉ាន់ អាយុ​៣៥​ឆ្នាំ ដែល​ពិភពលោក​ស្គាល់​ថា ជា​ដំរី​ឈ្មោល​មានជីវិត​រស់នៅ​ឯកោ និង​គ្មាន​សេរីភាព​នៅក្នុង​ឧទ្យាន​ជាតិ នៃ​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវបាន​ក្រុមការងារ​នៃ​អង្គការ​ពិភពលោក ការពារ​អភិរក្ស​សត្វ នាំ​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប តាម​ជើងហោះហើរ​ពិសេស​មកពី​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ជាមួយនឹង​មោទនភាព ដែល​កម្ពុជា​បាន​ស្វាគមន៍​ដំរី​មួយ​ក្បាល កំពុងមាន​ការចាប់អារម្មណ៍​របស់​ពិភពលោក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា វត្តមាន​ដំរី​ឈ្មោល ឈ្មោះ ខា​វ៉ាន់ ដែល​មកដល់​កម្ពុជា​នេះ គឺ​ដោយមាន​ការសម្រេចចិត្ត​ពី​តុលាការ​កំពូល​នៃ​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​មានការ​តស៊ូ​មតិ​អស់​រយៈពេល​៥​ឆ្នាំ របស់​អង្គការ​ពិភពលោក​ការពារ​អភិរក្ស​សត្វ អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា ដែល​សង្ឃឹមថា​វា​នឹងមាន​សេរីភាព និង​មានជីវិត​រស់នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ​អភិរក្ស ដែល​អនុញ្ញាតិ​ដោយ​ក្រសួងបរិស្ថាន និង​គ្រប់គ្រង​ការពារ​ដោយ អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា ។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ទៀតថា មកដល់​បច្ចុប្បន្ននេះ នៅ​កម្ពុ​ជាមាន​ប្រភេទ​សត្វ​ដំរី​អាស៊ី ប្រមាណ​ពី​៤០០ ទៅ​៦០០​ក្បាល ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ​នៃ​ខេត្តមណ្ឌលគិរី រតនគិរី និង​នៅតាម​ជួរ​ភ្នំក្រវាញ​នៃ​ខេត្តពោធិសាត់ ដែល​បញ្ហា​នេះ ក្រសួងបរិស្ថាន កំពុង​យកចិត្តទុកដាក់​ទៅលើ​កិច្ចការ ការពារ​អភិរក្ស និង​ថែរក្សា​ប្រភេទ​សត្វ​ដំរី​អាស៊ី ឲ្យ​បានល្អ​បំផុត ហើយក៏​សង្ឃឹម​ដែរ​ថា ខា​វ៉ាន់ នឹង​កសាងបាន​គ្រួសារ​ថ្មី នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ ដែន​ជម្រក​សត្វ​ព្រែ គូលែន​ព្រហ្ម​ទេព ដែលជា​គោលដៅ​អាណាចក្រ​ថ្មី​របស់គេ ស្ថិតនៅក្នុង​ដែន​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close