ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣​នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​៣​នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស ដែល​មិនមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​ខែវិច្ឆិកា​» នោះឡើយ​។​

​អ្នកដំណើរ​មកពី​ក្រៅប្រទេស ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩ ទាំង​៣​នាក់​នេះ រួមមាន​៖
១៖ បុរស​ជនជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខ ភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

២៖ បុរស​ជនជាតិខ្មែរ អាយុ ៤៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់ អង្រែ រាជធានី​ភ្នំពេញ​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ចិន បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ដោយឡែក​សម្រាប់​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» វិញ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​យក​វត្ថុ​សំណាក​ពី​អ្នកពាក់ព័ន្ធ​បាន​ចំនួន ២,០៥២​នាក់ បន្ថែមទៀត​។ បើ​គិត​ទាំង​ចំនួន​ដែល​នៅសល់​ពីថ្ងៃ​មុនៗ ដែល​ត្រូវ​យកមក​វិភាគ នៅ​ថ្ងៃជា​បន្តបន្ទាប់​នោះ គឺមាន​វត្ថុ​សំណាក​សរុប​ចំនួន ៣,៩៩៨​នាក់ ដែល​នៅក្នុង​ចំនួន​នេះ វត្ថុ​សំណាក​ចំនួន ២,៩១៧ នាក់ បានធ្វើ​វិភាគ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដោយបាន​ផ្តល់​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រឹម​ម៉ោង​២៣៖៣០​នាទី យប់​នៃ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។​

​បើ​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០២០​នេះ វត្ថុ​សំណាក​ចំនួន ៧,១៣១​នាក់ ត្រូវបានធ្វើ​វិភាគ​រួចហើយ ដែលមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ១៧​នាក់ (​ចំនួន​នេះ​បាន​រាយការណ៍ ជូន​សាធារណជន​រួចហើយ​) ដែល​កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត​។ ដូច្នេះ វត្ថុ​សំណាក​នៅសល់​ចំនួន ១,០៨១​នាក់​ទៀត នឹងត្រូវ​បន្តធ្វើ​វិភាគ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​វិ​ធ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប ទាំងអស់​បាន​ចំនួន ៨,២១២​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣២៩​នាក់ (​ស្រី ៧៤​នាក់ និង​បុរស ២៥៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៥​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close