ព្រឹក​នេះ រកឃើញ​ឆ្លង​១​ករណី​ទៀត ជា​មិត្តភក្តិ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​ម្នាក់ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នោះ​គឺ​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ទី​ម ស្រី​ពេជ្រ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​មិត្តភក្តិ​របស់​អ្នកជំងឺ​ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ដែល​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន ៤០​នាក់ ( ស្ត្រី ១៩​នាក់ និង​ប្រុស ២១​នាក់ )​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទាំងអស់ ទៅធ្វើ​តេស្ត​ដោយ​យក​វត្ថុ​សំណាក លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​ទីតាំង ដូចខាងក្រោម​៖ ១.​បរិវេណ​ក្រសួងមហាផ្ទៃ ( សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ ) ពី​ម៉ោង ៨​ព្រឹក ២.​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ( សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ) ពី​ម៉ោង ៧​ព្រឹក និង​ដោយឡែក​សម្រាប់​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅតាម​បណ្តា​ខេត្ត សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ជា​លើក​ទី​៣ នៅតាម​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​ទទួលខុសត្រូវ ក្នុង​ការរៀបចំ​ទីកន្លែង​ធ្វើតេស្ត វត្ថុ​សំណាក នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​សរុប ៣៥៧​នាក់​។ ក្នុងនោះ បានជា​សះស្បើយ ៣០៧​នាក់ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៣៧​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ១៣​នាក់ នៅ​មណ្ឌល​សុខភាព ចាក់អង្រែ រាជធានី​ភ្នំពេញ )៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close