បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចាប់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន ៥០​គីឡូក្រាម​

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​១០ ធ្នូ ម្សិលមិញ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា ដោយ​ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន ៥០​គីឡូក្រាម​។​

​កម្លាំង​ជំនាញ បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ ធ្វើឡើង​កាលពី​ទាបភ្លឺ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុ​រៈ​ឆៃ ខាំ​កែវ (SURACHAI KHAMKAEW) ហៅ​នឹង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ថៃ​។ រីឯ​វត្ថុតាង​ចាប់បាន​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​៨០,២៤​ក្រាម​, រថយន្ត​ធុន LEXUS៤៧០ ព៌​ណ​ទឹកមាស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close