៣ថ្ងៃហើយ! អត់មានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខណៈអ្នកជាសះស្បើយមាន ២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានរយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល មិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខណៈអ្នកជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍នេះ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ ក្នុងនោះស្រី១៩នាក់។
សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ គឺវត្ថុសំណាកនៅសល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៩៤៨សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន៨១៤សំណាក សរុបចំនួន ៦.៧៦២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន៣.៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផអវិជ្ជមានទាំងអស់ ហើយនៅសល់វត្ថុសំណាកចំនួន ៣.៣២៤សំណាកទៀត នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
ដោយឡែកនៅថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ ដែលមិនជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បានព្យាបាលជាសះស្បើយ ក្នុងនោះ ៖ ១. ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និង ២. បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ហើយអ្នកទាំងពីរនាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពឆ្លាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៩នាក់ មានស្រីចំនួន ៨៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។