បង្ក្រាបទីតាំងអ៊ីនធឺណែត បង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាត់ដំបង ឃាត់ខ្លួនមនុស្ស ១១នាក់
ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបទីតាំងអ៊ិនធឺណែត ដែលសង្ស័យថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់( ភ្នាល់បាល់តាមប្រព័ន្ធអិនធឺណែត ) ចំនួន២ទីតាំង នៅក្នុងក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការនាំខ្លួនមនុស្សស្រី ប្រុសចំនួន ១១នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ និងបានដកហូតជាបណ្តោះអាសន្ន នូវសម្ភារៈឧបករណ៍ នៅក្នុងទីតាំងនោះមួយចំនួនធំផង។
សូមបញ្ជាក់ថា ទីតាំងដែលបានបើកប្រកបមុខរបរអ៊ិនធឺណែត ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែមានលួចលាក់បង្កប់នូវសកម្មភាពល្បែងស៊ីសងដោយខុសច្បាប់នោះ សមត្ថកិច្ច នឹងចាត់វិធានការបង្ក្រាប និងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។ ដូច្នេះម្ចាស់ទីតាំង ដែលកំពុងប្រកបមុខរបរនេះសូមកុំប្រព្រឹត្តសកម្មភាពល្មើសច្បាប់ឱ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។