ថ្ងៃនេះ​! កម្ពុជា រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៣​នាក់​ទៀត និង មាន​អ្នកជា​សះស្បើយ ៣​នាក់ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិ​ច្ឆ​កា​»

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កកូ​វិដ​១៩​ចំនួន ៣​នាក់ ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ហើយ ហើយក៏​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៣​នាក់​ទៀតផង​ដែរ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​ជាសះស្បើយ​ចំនួន​៣​នាក់ គឺជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» រួមមាន​៖

១៖ លោក ឆែម សាវុធ អាយុ​៥៧​ឆ្នាំ ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត រាជធានី​ភ្នំពេញ ជា​អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ចំនួន​៣​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​សមាជិកគ្រួសារ​រប​ស់​អ្នកបើកបរ​ឲ្យ​លោក​អគ្គនាយក​ពន្ធនាគា​រ​។​

៣៖ បុរស​ជនជាតិខ្មែរ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​អគ្គនាយក​ពន្ធនាគារ​។​

​រីឯ​អ្នក​ករណី​វិជ្ជមាន រួមមាន​៖ ១.​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក អាយុ​៦៦​ឆ្នាំ មា​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​។​

២. ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ៣៤ ឆ្នាំមាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​។​

៣. ជា​កុមារា​ជនជាតិខ្មែរ អាយុ​១​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ កុមារា​នេះ ជា​កូន​របស់​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣០ ឆ្នាំ​ដែល​វិជ្ជមាន​វីរុស​កូ​វីដ -១៩ នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​សរុប ៣៦២​ករណី ក្នុងនោះ​អ្នកជំងឺ​៣១២ បានជា​សះស្បើយ​។ ដោយឡែក​សរុប​អ្នកជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន​៤១​នាក់ (​ស្រី​១៩​នាក់ និង​ប្រុស​២២​នាក់​) ដែល​ក្នុងនោះ​មាន​៣​នាក់ ព្យាបាល​ជាសះស្បើយ និង​សល់​៣៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close