ឯកឧត្តម វេ​ង សាខុន ចូលរួម​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រ​កសិកម្ម និង​ជាពិសេស​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ Huehe International Businees Consultancy ដែល​បានរៀបចំ​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​នេះ​ឡើង ដើម្បី​ចូលរួម​លើកស្ទួយ​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ផ្តល់ឱកាស​ដល់​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នក​ផលិត​ជួបគ្នា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ស្វែងរក​ភាពជា​ដៃគូ​រវាង​គ្នា​។ ព្រឹត្តិ​កាណ៍​នេះ
​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា គឺ​ពិតជា​ស្របតាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ជម្រុញ​កសិកម្ម​ទំនើប ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព តាម​អភិក្រម រដ្ឋ​-​ដៃគូ​អភិវឌ្ឍន៍​-​ឯកជន​-​សហគមន៍​កសិកម្ម​។​

​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ជាខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក រាប់ទាំង​កម្ពុជា​ផងដែរ ហេតុនេះ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ជាច្រើន ក្នុងនោះ​គឺ​ជម្រុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក តាមរយៈ​ការលើកទឹកចិត្ត និង​ផ្តល់​ប្រាក់កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​ដល់​កសិក​រ និង​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។

​សូម​ជម្រាបជូន​ថា សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​១៦ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ប្រមាណ​ជា ២០​ប្រទេស​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក អង្គការ​អន្តរជាតិ ស្ថាប័ន​សិក្សា និង​វិស័យ​ឯកជន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា​ថ្មី​ទំនើប និង​ការវិនិយោគ​ផ្នែក​កសិកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close