ផ្តើមចេញពី​មេមាន់​១០​ក្បាល កសិករ​នៅ​ខេត្តតាកែវ​ម្នាក់ អា​ចរក​ចំណូល​ពី​២​ពាន់ ទោ​៣​ពាន់​ដុល្លារ ត្រឹម​រយៈពេល​៤​ឆ្នាំ​

ខេត្តតាកែវ​៖ ផ្តើមចេញពី​មេមាន់ ១០​ក្បាល ប៉ុន្តែ​ដោយសារ​មាន​គោលដៅ​ពិតប្រាកដ បូក​ឆន្ទ​: ការតស៊ូ​អំណត់ ព្យាយាម និង​មាន​ការជួយជ្រោមជ្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ធ្វើ​ឲ្យ​បងស្រី កន ភារ​ម្យ អាយុ ៤៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ផុត ឃុំ​អង្គរ​តា​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ក្លាយខ្លួនជា​ប្រធាន​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់ និង​ភ្ញាស់​កូន​មាន់​លក់ ដែលមាន​សមាជិក​សរុប​ចំនួន ៧០​គ្រួសារ អាច​រកប្រាក់​ចំណូល​បាន​ពី ៨ ០០០ ០០០-១០ ០០០ ០០០​រៀល​/​ខែ​។

​យោងតាម​របាយការណ៍​ពិស្តារ​មួយ​របស់​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ កាលពី​ថ្ងៃទី​១១ ខែធ្នូ បាន​ឲ្យ​ដឹងថា​បងស្រី ភារ​ម្យ បាន​ប្រកាន់យក​របរ​ចិញ្ចឹម​មាន់​តាំងពី​ឆ្នាំ​២០១៦ ដោយ​ផ្តើមចេញពី​មេមាន់ ១០​ក្បាល​ប៉ុណ្ណោះ​។ កាលនោះ ដោយសារ​ចំណេះ​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍រ​បស់បង​ស្រី​នៅមានកម្រិត ធ្វើ​ឲ្យ​ចំណូល​ដែល​ទទួលបាន​ពីមុខ​របរ​នេះ​មាន កម្រិត​ទាប​ត្រឹមតែ ៤០០ ០០០​រៀល​/​ខែ ស្ទើរតែ​មិនអាច​ទ្រទ្រង់​ជីវភាព​បាន ដោយសារ​ក្នុងបន្ទុក​គ្រួសារ​បងស្រី​មានកូន ៣​នាក់ ដែល​កំពុង​សិក្សា​រៀនសូត្រ និង​ស្វាមី​។

​ដោយសារ​បងស្រី​មាន​គោលដៅ​ច្បាស់លាស់ ឆន្ទ​:​មោះមុត និង​ការតស៊ូ អំណត់​ព្យាយាម ជាពិសេស​មានការ​ជួយ ឧបត្ថម្ភ គាំទ្រ និង​លើកទឹកចិត្ត​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត នៅ​ឆ្នាំ​២០១៧ មន្ទីរ​បានជ្រើសរើស​ប​ង​ស្រី​ជា​អ្នកទទួលផល​ពី​គម្រោង​ស្តីពី “​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ (2KR)”​។ ពិតណាស់ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​បងស្រី​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​មាន់ និង​ភ្ញាស់​កូន​មាន់ ព្រម​ជាមួយគ្នានេះ បងស្រី​ទទួលបាន​ទ្រុង​ចិញ្ចឹម​មាន់ ១ (៤​ម​x១២​ម​) និង​ទូ​ភ្ញាស់​កូន​មាន់ ១​មាន​ចំណុះ ៥២៨​គ្រាប់​ផងដែរ​។

​ជា​ជំហានៗ កំណើន​ផលិតកម្ម​ភ្ញាស់​កូន​មាន់​កាន់​រីកលូតលាស់​ធំធាត់​ជា​បណ្តើរៗ ដោយ​ក្នុង ១​ខែ​បងស្រី​អាច​ភ្ញាស់​កូន​មាន់បាន ៦០០​ក្បាល ហើយ​អាច​ទទួលបាន​ចំណូល​ចំនួន ១ ៦០០ ០០០​រៀល​/​ខែ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​សេចក្តីត្រូវកា​រ​កូន​មាន់​ស្រែ​របស់​អតិថិជន​ទាំង​ទីជិត និង​ទី​ឆ្ងាយ​ចេះតែ​កើន​ឡើងជា​លំដាប់ គាប់​ជួន​កម្មវិធី​ស្តីពី “​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE បាន​ចូល​ដល់ផ្ទះ​បងស្រី​នៅ​ឆ្នាំ​២០១៩​។ កម្មវិធី​នេះ បាន​ជួយ​រៀបចំ​ចងក្រង​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​មាន​សមាជិក​សរុប ៧០​គ្រួសារ ហើយ​បង ស្រី​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​។

សមាជិក​គ្រប់រូប​ទទួលបាន​ការ​បណ្តុះបណ្តាល​បច្ចេកទេស ផ្តល់​សម្ភារៈ​គាំទ្រ ហើយ​កម្មវិធី​ក៏បាន​ជួយ​ទំនាក់ទំនង​រក​ទីផ្សារ​លក់​កូន​មាន់​ផងដែរ​។ ឈាន​ចូលដល់​ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួយ​សម្របសម្រួល​ជាមួយ​សមាជិក ៦៣​នាក់ ដើម្បី​ចុះកិច្ចសន្យា​ទិញ​-​លក់​ស៊ុតមាន់​ជូន​បងស្រី​។ បច្ចុប្បន្ន បណ្តុំ​អាជីវកម្ម​ទាំងមូល​អាច​ផលិត​ស៊ុតមាន់​បាន​ចំនួន ៧០ ០០០​គ្រាប់​/​ខែ (​ស៊ុត ១​គ្រាប់​តម្លៃ ១ ៣០០​រៀល​) ហើយ​អាច​ភ្ញាស់​កូន​មាន់បាន​ប្រមាណ ៦០ ០០០​កូន​/​ខែ (​កូន​មាន់ ១​ក្បាល​/៣៥០០-៤០០០​រៀល​) ហើយ​សមាជិក​ម្នាក់ៗ​អាច​រកចំណូលបាន ១ ៣០០ ០០០​រៀល​/​ខែ​។ ដោយឡែក សម្រាប់​គ្រួសារ​បងស្រី​ផ្ទាល់ បច្ចុប្បន្ន​មាន​ទូ​ភ្ញាស់​កូន​មាន់​ចំនួន ១៦​គ្រឿង មាន​សមត្ថភាព​ភ្ញាស់​បាន​ប្រមាណ ៣០ ០០០ គ្រាប់ និង​ជា​មធ្យម​អាច​ទទួល​បានកូន​មាន់​ប្រមាណ ២០ ០០០- ២៥ ០០០​ក្បាល​/​ខែ ហើយ​ក្នុង ១​ខែ​គ្រួសារ​បងស្រី​អាច​រកចំណូលបាន​ពី ៨ ០០០ ០០០-១០ ០០០ ០០០​រៀល ពី​ការលក់​កូន​មាន់ និង​ទូរ​ភ្ញាស់​។

​ដើម្បី​ឆក់យក​ឱកាស​មាស ក្នុង​បរិបទ​ជំងឺឆ្លង​កូ​វីដ​-១៩ បងស្រី រួមជាមួយ​សមាជិក​ទាំ​ង​អស់​នឹង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​មាន់​សាច់​បន្ថែមទៀត ដើម្បី​បង្កើន​បរិមាណ​មាន់​សាច់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ធានាបាន​និរន្តរភាព​នៃ​ការផលិត​ស៊ុតមាន់ និង​ភ្ញាស់​កូន​មាន់​លក់ ធ្វើយ៉ាងណា​ដើម្បី​បង្កើន​ប្រាក់ចំណូល ចូលរួម​លើកកម្ពស់​កម្រិតជីវភាព សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចសង្គម និង​ឈានទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ និង​២០៥០៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close