ថ្ងៃនេះ! កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ ៧​នាក់ ខណៈ​អត់​មាន​អ្នក​ឆ្លង​ថ្មី​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា មិនមាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​នៅ​កម្ពុជា​នោះទេ មានតែ​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​ចំនួន ៧​នាក់​។​

​អ្នកជា​សះស្បើយ​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​នោះ​មាន​៥​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» និង​២​នាក់​ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​រួមមាន​ដូចខាងក្រោម​៖

១៖ កុមារា​ជនជាតិខ្មែរ អាយុ​១២​ឆ្នាំ ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​កូនប្រុស​របស់​ស្ត្រី​អាយុ​៣៦​ឆ្នាំ និង​ជា​ចៅប្រុស​របស់​អគ្គនាយក​ពន្ធនាគារ ក្រសួងមហាផ្ទៃ​។​

២៖ បុរស​ជនជាតិខ្មែរ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ជា​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​។​

៣៖ បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ជំនួយការ​របស់​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។​

៤៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទូល​ទំពូង​១ ខណ្ឌចំការមន ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ នៃ​ក្រសួងមហាផ្ទៃ​។​

៥៖ បុរស​ជនជាតិខ្មែរ អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

​សូម​កត់សម្គាល់ថា បុគ្គល​ទាំង​៥​នាក់​ខា​លើ​នេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

៦៖ ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក អាយុ​៦២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

៧៖ បុរស​ជនជាតិ​អាមេរិកកាំង អាយុ​៤២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន មកដល់​កម្ពុជា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣១៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤៣​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close