បើ​អាមេរិក​ផ្លាស់ប្តូរ​ការបោះឆ្នោត យកតាម​សំឡេងគាំទ្រ​សកល គណបក្ស​សាធារណរដ្ឋ​ពិបាក​យកឈ្នះ​

​ក្រោយពេល តំណាង​ម្ចាស់ឈ្នោត បោះ​គាំទ្រ​លោក​បៃ​ឌិន ជាប់​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តោន បានស្នើរ ឲ្យ​លុបចោល ការបោះឆ្នោត​តាមបែប​កំណត់​កៅអី​តំណាង​នៅក្នុង​រដ្ឋ​និ​មួយៗ ដោយ​ងាក​មក​បោះឆ្នោត យក​សំឡេងគាំទ្រ​សរុប របស់​ម្ចាស់ឆ្នោត​វិញ​។​

​នៅក្នុង​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៦​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តោន មាន​សន្លឹកឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​លើ​ល​លោក​ត្រាំ រាប់លាន​សន្លឹក ប៉ុន្តែ​បែ​ជា​ចាញ​ទៅវិញ ដោយ​ការកំណត់​កៅអី​តំណាង ។ ដូច្នេះ​ប្រសិនបើ ផ្លាសប្តូរ​ច្បាប់បោះឆ្នោត​នោះ គណបក្ស​សាធារណរដ្ឋ​ពិបាក​ក្នុងការ​យកឈ្នះ​រាល់​ការបោះឆ្នោត​នៅ​អាមេរិក​។​

​សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ១៥ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៦ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) នៅតែ​បង្ហាញ​ជំហរ​ដដែល ដោយ​អំពាវនាវ​ឱ្យ​លុបចោល​ប្រព័ន្ធ​បោះឆ្នោត ដែល​តម្រូវ​ឲ្យ​មាន​អ្នកតំណាង (Electoral College) ឬ​អង្គ​បោះឆ្នោត ហើយ​ការជ្រើសរើស​ប្រធានាធិបតី គួរតែ​ធ្វើឡើង​ដោយផ្ទាល់​ពី​ប្រជាជន​អាមេរិក ឬ​យកតាម​ចំនួន​សំឡេងឆ្នោត​ជាក់ស្តែង (Popular Vote) វិញ​។​

​នៅក្នុង​សារ​មួយ​បង្ហោះ​លើ Twitter នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ លោកស្រី Hillary Clinton បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ជឿជាក់ថា យើង​គួរតែ​លុបចោល​ប្រព័ន្ធ​បោះឆ្នោត Electoral College ហើយ​ការជ្រើសរើស​ប្រធានាធិបតី គួរតែ​ធ្វើឡើង​ដោយផ្ទាល់​ពី​ប្រជាជន​អាមេរិក ឬ​សំឡេង Popular Vote​។ ទោះជា​យ៉ាង បច្ចុប្បន្ន​ប្រព័ន្ធ​បោះឆ្នោត​បែបនេះ​នៅតែមាន ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព ក្នុងការ​បោះឆ្នោត​គាំទ្រ​លោក ចូ បៃ​ដិ​ន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) នៅក្នុង​រដ្ឋ​ញូយ៉ក​»​។​

​គួរ​បញ្ជាក់ថា លោកស្រី Hillary Clinton ក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦ ដោយនៅ​កាលណោះ​លោកស្រី ឈ្នះ​សំឡេង​បោះឆ្នោត​ពី​ប្រជាជន​អាមេរិក ឬ​សំឡេង Popular Vote លើ​លោក ដូ​ណា​ល់ ត្រាំ ដល់​ទៅ​ជាង​ជិត ៣​លាន​សំឡេង​។ តែ​នៅ​ទីបំផុត លោក ត្រាំ នៅតែ​អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ដោយសារតែ​ទទួលបាន​សំឡេង អង្គ​បោះឆ្នោត​ច្រើនជាង​លោកស្រី Clinton៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close