ខ្លោងទ្វារខាងកើតប្រាសាទតានៃនឹងបញ្ចប់ការជួសជុលជាស្ថាពរពីអ្នកជំនាញខ្មែរនាចុងឆ្នាំ ២០២០
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ធ្វើការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃជិតរួចរាល់ជាស្ថាពរហើយ។
លោក ស៊ា សុភារុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ និងជាប្រធានការដ្ឋានជួសជុលបានឱ្យដឹងថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទ តានៃដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកម្លេះ ពេលនេះ ឈានទៅដល់ការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០។
លោកមានប្រសាសន៍ទៀតថា ដើមឡើយបញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ព័ន្ធរបស់ទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬសនិងដើមឈើធ្វើឲ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឲ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង។
រហូតមកដល់ពេលនេះ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃត្រូវបានជួសជុលស្ទើតែរួចរាល់ និងថ្មដំបូលត្រូវបានរៀបចំតម្លើងឡើងវិញតាមរូបរាងដើមទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។