ថ្ងៃនេះ! អ្នកជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ជាសះស្បើយ៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជា ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ តែអ្នកជាសះស្បើយពីជំងឺនេះចំនួន ៥នាក់។
ក្រសួង បញ្ជាក់ថា អ្នកជាសះស្បើយទាំង៥នាក់នោះ រួមមាន៖
* ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្តាយរបស់ស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
* ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ និងទារក អាយុ០៧ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរ ឲ្យអគ្គនាយកពន្ធនាគារ។
* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (ផ្លូវមុនីវង្ស) ។
សូមកត់សម្គាល់ថា បុគ្គលទាំំង៤នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញតឲ្យចេញ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣២៤នាក់ និង៣៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។