ប្រធានាធិបតី​អ៊ីរ៉ង់​៖ លោក​ត្រាំ គឺជា​ប្រធានាធិបតី​គ្មាន​ស្គាល់​ច្បាប់​ទំលាប់​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស​សាន រ៉ូ​ហា​នី បាន​លើកឡើងថា អ៊ីរ៉ង់​ពិតជា​រីករាយ​ដែល លោក​បៃ​ឌិន ឈ្នះ​លោក​ត្រាំ ក្នុងការ​បោះឆ្នោត អាមេរិក​។ មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក ហាស់​សាន រ៉ូ​ហា​នី បានចាត់ទុក​លោក​ត្រាំ ថា​ជា​ប្រធានាធិបតី​មិន​ស្គាល់​ច្បាប់​ទំលាប់ ។​

​សារព័ត៌មាន Sputnik នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា ប្រធានាធិបតី​អ៉ី​រ៉ង់ លោក ហាស្សាន រួ​ហា​នី (Hassan Rouhani) នៅ​ថ្ងៃ​ពុធ​នេះ​បាន​ថ្លែងថា​ប្រទេស​លោក​ស្វាគមន៍ ចំពោះ​ការចាកចេញ​ពី​តំណែង​របស់ មេដឹកនាំ​អាមេរិក​បច្ចុប្បន្ន​គឺ​លោក ដូ​ណា​ល់ ត្រាំ ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​បង្កហេតុ​ជាខ្លាំង​មកលើ​អ៉ី​រ៉ង់​។​

​កំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លោក Rouhani បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​រំភើប​អ្វី​ឡើយ ចំពោះ​ការឡើង​កាន់អំណាច​រប​ស់លោក បៃ​ដិ​ន ប៉ុន្តែ​យើង​ពេញចិត្ត ចំពោះ​ការចាកចេញ​ពី​តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ​»​។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី​អ៉ី​រ៉ង់​រូបនេះ ថែមទាំង​បាន​ហៅ​លោក ត្រាំ ថា​ជា​ប្រធានាធិបតី​អាមេរិក ដែលមាន​អត្តចរិត​កាង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​ភេរវ​ករ​មួយរូប​ទៀតផង​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ អង្គ​បោះឆ្នោត​នៃ​សហរដ្ឋអាមេរិក បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ នូវ​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា តទល់​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ​។ លោក ចូ បៃ​ដិ​ន នឹងត្រូវ​ស្បថ​ឡើងកាន់តំណែង​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ហើយ​វា​ក៏​ជា​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​ចាកចេញ​ពី​សេត​វិមាន​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close