ចិន នឹង​ផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម​សត្វ​គោ​/​ក្របី ២០​ម៉ឺន​ដូ​ស ដល់​កម្ពុជា

​ភ្នំពេញ​៖ ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាក់ស្ដែង​សម្រាប់​វិស័យ​កសិកម្ម ភាគី​ចិន​បាននិងកំពុង​បន្ត​ផ្តល់​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម រួមទាំង​បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​កសិផល​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ ជាក់ស្តែង​ថ្មីៗ​នេះ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​”​។

​ដោយឡែក វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​សំណើ​ស្នើសុំ​ទៅជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​សា​ធារ​រណរ​ដ្ឋ​ប្រជាមានិត​ចិន ជួយផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម​សត្វ​គោ​/​ក្របី ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​។

​តប​តាម​សំណើ​ការចាំបាច់ និង​បន្ទាន់ របស់​កម្ពុជា ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន នៅ​ថ្ងៃទី​១៣ ខែធ្នូ បាន​ឯកភាព​ផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម គោ​/​ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយ​បាន​សម្របសម្រួល​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុពេទ្យ​ឡាន​ចូ​វ (Lanzhou Veterinary Research Institute) សមាគម​ថ្នាំ ពេទ្យ និង​បសុពេទ្យ​ចិន (China Veterinary Drug Association) និង​ក្រុម​ការ ងារ​នៃ​សាកលវិទ្យាល័យ​កសិកម្ម​ចិន​សម្រាប់​សម្ព័ន្ធភាព​ឧស្សាហកម្ម​ឡាន​ឆាង​-​មេគង្គ​បសុពេទ្យ និង​ថ្នាំ​ការពារ​ជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បី​ផ្តល់ជូន​ភាគី​កម្ពុជា​ផ្នែក​បច្ចេកទេស និង​បង្កើន​សមត្ថភាព​ក្នុងការ​ឃ្លាំមើល ការបង្ការ និង​ការគ្រប់គ្រង​ការ​រាលដាល​ជំងឺឆ្លង​សត្វ​។

ចំពោះ​ការផលិត​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ទាំងពីរ បាននិងកំពុង​ធ្វើការ​សម្រប សម្រួល​ផ្នែក​លិខិតបទដ្ឋាន​គតិយុត្ត​នានា ធ្វើយ៉ាងណា​បង្កើត​ភាពងាយស្រួល​ជូន​ដល់​ក្រុមហ៊ុន​វិនិយោគិន​ចិន​ដែល​មានបំណង​ធ្វើការ​វិនិយោគ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផលិត​នៅ​កម្ពុជា​នាពេលខាងមុខ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាននិងកំពុង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ចូលរួម​ជា​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច តាមរយ​:​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close