ស​ន្និ​សិទ្ធិ​សារព័ត៌មាន ករណី​បង្ក្រាប​គ្រឿងញៀន​ជិត ១០​គីឡូក្រាម នៅ​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ស​ន្និ​សិទ្ធិ​សារព័ត៌មាន បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​២​កន្លែង ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​បន្តថា នេះ​ជា​ប្រតិបត្តិការ​មួយ ដែល​ធ្វើ​ឡើងលើ​ពីរ​ទីតាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ ដកហូត​គ្រឿងញៀន​ជិត ១០​គីឡូក្រាម និង​ដកហូត​អាវុធខ្លី​សេរី​ទំនើប​មួយ​ដើម​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ ឈ្មោះ ទី យៀង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​, ឈ្មោះ ហុង ម៉េង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ សេង ដា​លី​សិទ្ធិ ហៅ​ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។​

​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច បាន​រកឃើញ​គ្រឿងញៀន​ជាង ១០​ប្រភេទ មាន​ទម្ងន់​ជិត​១០​គីឡូក្រាម ក្នុង​វ៉ា​លី​ចំនួន២ និង​កេស​ដែក​មួយ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ ប្រភេទ​មេ​តំ​ហ្វ​តា​មីន​ក្រាម ប្រភេទ​មេ​តំ​ហ្វ​តា​មីន​ដប និង​ច្រើន​មុខ​ទៀត និង​កាំភ្លើងខ្លី​សេរី​ទំនើប​មួយ​ដើម មាន​បង់​ចំនួន​២ និង​គ្រាប់​មួយចំនួន​ផងដែរ​។​

​ក្រោយ​ធ្វើ​ស​ន្និ​សិទ្ធិ​បង្ហាញមុខ​ជនសង្ស័យ​រួច ក្រុម​ជនសង្ស័យ ត្រូវបាន​នាំទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព​ន្ធ័​បន្តទៀត​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close