ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ នឹងផ្អាករយៈពេល៣ថ្ងៃ ដើម្បីរៀបចំប្តូរទីតាំង
ភ្នំពេញ៖ ដើម្បីឱ្យការរុះរើផ្លាស់ប្តូរទីតាំងមានដំណើរការទៅដោយរលូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសផ្អាកដំណើរការ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងចំនួន ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ និងបើកដំណើរការឡើងវិញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង អង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុន គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារដៃគូ ភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងធ្វើការរុះរើប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ការប្រើប្រាស់បណ្តាញអ៊ីនធើណែត និងបណ្តាប្រព័ន្ធ ស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែក បណ្តាញអ៊ីនធើណែត នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានការរអាក់រអួលក្នុងអំឡុងពេលរុះរើប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ចាប់ពីពេលផ្អាកដំណើរការ ថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។