ព្រៃឈើជាសោភ័ណ្ឌភាពនៃបរិស្ថានដ៏ស្រស់ត្រកាលមិនអាចខ្វះបានក្នុងរមណីដ្ឋានអង្គរ
សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិ បានចុះជួបសំណេះសំណាល រួមទាំងពិសាអាហារសាមគ្គីជាមួយមន្ត្រី បុគ្គលិក ពលករ កម្មកររបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើចំនួន២៥០នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបានមានប្រសាសន៍ថា ព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់តំបន់អង្គរ ក្រៅពីបង្កើនគម្របបៃតង ទាក់ទាញទឹកភ្លៀង ជារបាំងខ្យល់ រក្សានូវភាពរឹងមាំនៃសំណង់ប្រាសាទ បញ្ជៀសទឹកជំនន់ហើយនោះ វាក៏បានទាក់ទាញទេសចរមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងផងដែរ។ គុណសម្បត្តិទាំងនេះ គឺបានមកពីរួមចំណែកដ៏សំខាន់របស់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាជាមួយថ្នាក់ដឹកនាំ។
ដូច្នេះ ដើម្បីជាការអរគុណរបស់ថ្នាក់ដឹកនាំចំពោះក្រុមការងារ គឺមានតែការរៀបចំអាហារសាមគ្គីនេះឡើង ដើម្បីមានឱកាសបានជួបជុំបងប្អូនពលករ កម្មករ មន្ត្រី បុគ្គលិកនៃនាយកដ្ឋានព្រៃឈើដែលប្រចាំការតាមតួនាទី នៅតាមការដ្ឋានផ្សេងៗ ឱ្យបានជួបជុំគ្នា ស្គាល់គ្នា និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។ លើសពីនេះឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកន្លងមក ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើការពារព្រៃឈើ និងបានដាំដុះបន្ថែមក្នុងឧទ្យានអង្គរ ដើម្បីឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះទទួលបាននូវការអភិវឌ្ឍនិងអភិរក្សប្រកបដោយចីរភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ថែមទៀត។
ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យសហការល្អក្នុងការបំពេញការងារឱ្យកកាន់តែប្រសើបន្ថែមទៀតទៅថ្ងៃអនាគត។ មិនភ្លេចផងដែរ ឯកឧត្តមក៏បានក្រើនរំឭកដល់ពលករ កម្មករ មន្ត្រី បុគ្គលិកទាំងអស់ សូមកុំភ្លេចទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាទៅតាមឆន្ទៈនិងការស្រឡាញ់បក្សនយោបាយរបស់ខ្លួន នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ កុំបីអាក់ខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។